ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ករណីប្រើហិង្សាហើយ មិនព្រមទទួលកំហុស!

ភ្នំពេញៈ បុរស២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនទាំងសងខាងខណៈអ្នកទាំង២ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមក។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីទី១ឈ្មោះ ផុន ចាន់ធួន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ភាគីទី២ឈ្មោះ យឹម ធារី ហៅ ណេត អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសំដីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនទាំង២នាក់ខាងលើធ្លាប់មានទំនាស់និងគ្នា ប៉ុន្តែមិនដែលប្រើហិង្សាឡើយ លុះដល់យប់កើតហេតុ ខណៈដែលភាគីទី១កំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ២នាក់បងប្អូន ស្រាប់តែភាគីទី២បានដើរកាត់ហើយបាននិយាយដៀមដាមឲ្យភាគីទី១ថា(ពួកហែងប៉ុនហ្នឹងចង់ធ្វើអីអញ) ពេលនោះភាគីទី១បានដើរចេញទៅ ក៏វាយគ្នាប្រាវតែម្តងបណ្តាឲ្យរងរបួសរៀងៗខ្លួន ដោយភាគីទី១ខៀវភ្នែកម្ខាងនិងភាគីទី២បែកក្បាលផ្នែកខាងក្រោយ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍និងនាំខ្លួនអ្នកទាំង២មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ប៉ុន្តែពេលមកដល់ប៉ុស្តិ៍ភាគីទាំងសងខាងជជែកតឹងសសៃកយកត្រូវរៀងៗខ្លួនដោយមិនមានអ្នកណាខុសឡើយ ពេលនោះលោកអធិការខណ្ឌបញ្ជាឲ្យឃាត់ខ្លួនទាំង២នាក់យកមកសាកសួរនៅអធិការដ្ឋានខណ្ឌតែម្តង៕

មតិយោបល់