ភ្នំពេញៈ ក្រុមក្មេងទំនើង១ក្រុម ប្រមាណ១០នាក់ជិះម៉ូតូ៥គ្រឿងលឿនកាត់មុខហាង ធីមកាហ្វេ ត្រូវក្រុមសន្តិសុខយាមនៅទីនោះស្រែកដាក់ ក៏ផ្ទុះជាជម្លោះ វាយតប់គ្នាផ្អើលពេញផ្លូវ ត្រូវប៉ូលិសចាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍៥នាក់ទាំងយប់។
ប្រភពឲ្យដឹងថា មានយុវជន២ក្រុមវាយគ្នា ដោយសារតែទាស់ពាក្យសំដីគ្នាបន្តិចបន្តួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងទី២៣ឧសភា ត្រង់ចំនុចមុខហាង ធីមកាហ្វេ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពបន្តថា ជនបង្កដែលឃាត់ខ្លួនបាន២នាក់មានឈ្មោះ សួន មករា អាយុ២២ឆ្នាំ មុខរបរអ្នកបើកឡាន ស្នាក់នៅក្នុងភូមិដើមអំពិល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម្នាក់ទៀតមានឈ្មោះ សៀង ថៃ អាយុ២៣ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅក្នុងម្ដុំចំការដូង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែករងគ្រោះមានឈ្មោះ ខេន សុជាតិ អាយុ២១ឆ្នាំ មុខរបរសន្តិសុខហាងខាងលើ ស្នាក់នៅផ្ទះជួលទល់មុខកន្លែងកើតហេតុ
ម្នាក់ទៀតមានឈ្មោះ ម៉េង លាង អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅជាមួយគ្នា។
ក្រោយហេតុការណ៍ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ1FM 5526 និងមួយគ្រឿងទៀតម៉ាកលែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CK 4787 ។
តាមប្រភពព័តមានពីភាគីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញក្រុមជនបង្កខាងលើ មានគ្នា បួនទៅប្រាំម៉ូតូបានជិះទៅជិះមកនៅមុខហាងខាងលើ ហើយសន្តិសុខខ្លាចជិះទៅប៉ះរថយន្តដែលចតមុខហាងរបស់ជនរងគ្រោះ បន្ទាប់មក ជនរងគ្រោះបានស្រែកប្រាប់ថា អូនៗជិះតិចទៅប្រយ័ត្នគ្រោះថ្នាក់ប៉ះឡានប៉ះអីគេ ស្រាប់តែជនបង្កបានចុះមកហើយសួរថា ហែងស្គាល់អាញ់អត់នៅក្នុងខណ្ឌនេះអាញ់ស្គាល់គេទាំងអស់ណា ក្រោយមកស្រាប់តែជនបង្កបានយកច្រកវាក់ ដំបង និងដុំថ្មបានយកទៅវាយជនរងគ្រោះ បណ្ដាលឲ្យប៉ោងភ្នែកខាងឆ្វេង។ ចំណែកឯជនបង្កបានប្រាប់ថា មុនពេលកើតហេតុរូបគេបានទើបតែចេញពីធ្វើការ ហើយបានជិះម៉ូតូបំរុងត្រលប់ទៅផ្ទះវិញ លុះមកដល់ចំនុចកើតហេតុស្រាប់តែមានក្រុមសន្តិសុខមួយក្រុមអង្គុយផឹកស៊ីនៅមុខហាងបានខាងលើ បានស្រែកថា ឲ្យពួកគេជិះយឺតៗ ចង្អុលមុខរូបគេទៀត ក្រោយមកស្រាប់តែជនបង្កបានចុះមកសួរនាំថា បងស្គាល់ខ្ញុំមែនបានមកចង្អុលមុខខ្ញុំចឹង ក្រោយមកនិយាយចុះឡើងក៏ប៉ះពាល់ពាក្យសំដី បង្កក្លាយជាហិង្សា។
បើតាមសាក្សីនៅនិងកន្លែកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញជនបង្កបានគ្នាជាច្រើននាក់ បួនទៅដប់ម៉ូតូបានជិះលឿនៗចុះឡើង ហើយគ្រាន់តែសន្តិសុខស្រែកប្រាប់ថា ឲ្យជិះយឺតៗទៅប្រយ័ត្នគ្រោះថ្នាក់ប៉ះគេឯង ស្រាប់តែបក្ខពួកជនបង្កបានចុះដេញវាយគ្នាពេញមុខហាង ហើយក្រោយមកបក្ខពួកជនបង្កផ្សេងៗទៀតក៏បានរត់គេចខ្លួនបាត់នៅតែជនបង្កពីរនាក់ និងម៉ូតូពីរគ្រឿងនៅនិងកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនបង្ក និងជនរងគ្រោះត្រូវសមត្ថកិច្ចមូលដ្ឋានបញ្ជូនខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរ៕
មតិយោបល់