ព័ត៌មានជាតិ

អុញនោះ! ម្ចាស់រវល់តែជ្រកភ្លៀងត្រូវចោរលួចម៉ូតូពីម្តុំកោះពេជ្រ ដេញចាប់បាននៅម្តុំសារមន្ទីរគុកទួលស្លែង!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់គេបានសម្រេចនៅក្នុងកោះពេជ្រ ខណ:ដែលម្ចាស់ម៉ូតូរត់ចូលទៅជ្រកភ្លៀងតែភ្លេចសោរជាប់ម៉ូតូ ចេញ ក៏ត្រូវបានជនសង្ស័យលួចយកទៅតែម្តង កាលពីវេលាម៉ោងជាង២រសៀល លុះមកដល់វេលាម៉ោងជាង៦ពេលល្ងាច ម្ចាស់ម៉ូតូបានបើកមើល កាមេរ៉ាសុវត្ថិភាព ឃើញមុខជនសង្ស័យចំណាំបាន ក៏ហើយបានហៅមិត្តភក្តិ និងសមត្ថកិច្ច តាមរកចាប់ខ្លួនជនសង្ស័យបាននៅម្តុំសារមន្ទីរគុកទួលស្លែង ហើយបានធ្វើការឃាត់ខ្លួនយកមកសួរនាំតែម្តងទៅ ។

ហេតុការណ៍លួចម៉ូតូនេះ បានកើតឡើងនៅថ្ងែទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងកោះពេជ្រ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GH- 0759 ដោយមានម្ចាស់ឈ្មោះ កន ជីវន្ត័ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមការបញ្ជាក់ពីបុរសដែលជាម្ចាស់ម៉ូតូបានប្រាប់ថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH- 0759 បានដើរម៉ូតូលេងក្នុងកោះពេជ្រ ខណៈដែលកំពុងតែជិះលេង មេឃក៏ភ្លៀង គាត់ក៏បានជិះម៉ូតូចូលទៅជ្រកភ្លៀងទល់មុខកន្លែងលេងGAME ក្នុងកោះពេជ្រ ដោយបានភ្លេចសោជាប់ម៉ូតូ លុះមកដល់វេលាកើតហេតុម៉ោងជាង២រសៀល គាត់ក៏បានដើរទៅសួរមិត្តភក្តិគាត់ ថាមានឃើញសោម៉ូតូគាត់អត់ មិត្តភក្តីគាត់ក៏ឆ្លើយថាមិនឃើញទេ ហើយគាត់ក៏បានដើរទៅមើលម៉ូតូ ប៉ុន្តែពេលដែលគាត់ដើរទៅមើល ស្រាប់តែមិនឃើញម៉ូតូ ភ្លាមៗនោះ គាត់ក៏បានរត់ចូលទៅសួរកន្លែងលេងGAME និងសុំមើល កាមេរ៉ា សុវត្ថិភាព ក៏ឃើញ ជនសង្ស័យម្នាក់ បានឡើងជិះម៉ូតូរបស់គាត់យកទៅបាត់ ហើយគាត់ក៏បានសុំរូបភាពពីកាមេរ៉ាសុវត្ថិភាពនោះមក ហើយក៏បានចំណាំមុខជនសង្ស័យ លុះមកដល់វេលាម៉ោងជាង៦ល្ងាច ម្ចាស់ម៉ូតូ បានឃើញជនសង្ស័យនៅម្តុំសារមន្ទីរគុកទួលស្លែង ហើយក៏បានហៅមិត្តភក្តិនិងសមត្ថកិច្ច ចុះទៅចាប់ភ្លាមៗតែម្តង និងធ្វើការសួរនាំ។

ពេលដែលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានឈ្មោះ ចាន់ សុខវិច្ឆិកា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយជនសង្ស័យបានបន្ថែមទៀតថា ខ្លួនពិតជាបានលួចយកម៉ូតូគេមែន ដោយសារតែខ្លួនបានចាញ់GAME បាញ់ត្រី អស់លុយ៦០ដុល្លារ ខណ:ដែលដើរចេញមកក្រៅ ក៏ឃើញម៉ូតូជនរងគ្រោះ ហើយមានសោជាប់ម៉ូតូស្រាប់ ក៏បានលួចយកទៅបញ្ចាំ១០០ដុល្លារ យកមកចាយអស់ហើយ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការតាមការផ្លូវច្បាប់៕

មតិយោបល់