ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់យុវជនម្នាក់ តែមិនបានសម្រេចត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចហាងបាយមួយកន្លែង តាមបណ្ដោយផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ហាក់ លុច ហៅស្រ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំមុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ខេន ម៉េងគា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជានិស្សិត ត្រូវជាម្ចាស់ម៉ូតូជនសង្ស័យលួចកាច់ក ម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN- 9487 ។
បើតាមសម្ដីបុរសម្ចាស់ម៉ូតូរងគ្រោះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីរៀន មកហូបបាយជាមួយមិត្តភក្តិនៅកន្លែងកើតហេតុ រួចហើយក៏ទុកម៉ូតូនៅមុខហាងបាយ បន្ទាប់ក្រោយមកក៏លេចមុខជនសង្ស័យខាងលើដើរមកអង្គុយលើម៉ូតូរបស់គាត់ ហើយធ្វើសកម្មភាពកាច់សោក ម៉ូតូតែម្ដង តែភ្លាមៗនោះដោយជនរងគ្រោះឃើញទាន់ ក៏បានស្រែកថាចោរៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុជួយដេញចាប់ ហើយស្វាគមន៍ម្នាក់មួយដៃ មួយជើង ឡើងទ្រោមខ្លួន ទើបទាក់នងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកវាយខ្នោះដឹកយកទៅចាត់ការបន្ត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយចាត់វិធានការទៅលើជនសង្ស័យតាមផ្លូវច្បាប់ ។ រីឯសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងជនរងគ្រោះ ហើយដឹកជនសង្ស័យបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
មតិយោបល់