ព័ត៌មានជាតិ

នី រតនា ជិះម៉ូតូបុករម៉កដឹកគោ បណ្តាលឲ្យងាប់គោ១ក្បាល និងរបួសធ្ងន់២នាក់

កណ្តាល: ករណី គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូសណ្ដោងរម៉ក ដែលមានចងគោពីក្រោយ បណ្តាលឲ្យរបួសធ្ងន់មនុស្ស២នាក់ និងងាប់សត្វគោ១ក្បាល និងខូចខាត១គ្រឿង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

បង្កឡើង ដោយម៉ូតូសណ្ដោងរម៉ក មួយគ្រឿងនិងមានចងសត្វគោ៣ក្បាល ពីក្រោយ ម៉ាកសាន់យ៉ាន់ ពណ៌ស គ្មានស្លាកលេខ (អ្នកបើកបររត់បាត់) ធ្វើដំណើរ ឆ្លងផ្លូវពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកស្មាក់ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BC-6312 ជិះដោយឈ្មោះ នី រតនា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយរួមដំណើរម្នាក់ទៀតឈ្មោះ ស៊ិន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដែលធ្វើដំណើរពីជើងទៅត្បូង ហើយបានមកបុកសត្វគោមួយក្បាលដែលចងពីក្រោយរម៉កបណ្ដាលឲ្យរបួសធ្ងន់ ដល់អ្នកជិះម៉ូតូទាំង២នាក់ ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ និងងាប់សត្វគោមួយក្បាលនៅកន្លែងកើតហេតុ។

មូលហេតុ ម៉ូតូសណ្ដោងរម៉ក ហើយមានចងសត្វគោពីក្រោយ ធ្វើដំណើឆ្លងផ្លូវពេលយប់ដោយពុំមានភ្លើងបំភ្លឺគ្រាប់គ្រាន់។ ចំពោះម៉ូតូនិងម៉ូតូសណ្ដោងរម៉ក បានយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់