ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទ២នាក់ ជាអតីតមន្ត្រីជាន់ខ្ពស់មន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ពាក់ព័ន្ធករណី លួចដី មន្ទីរលក់ឲ្យឈ្មួញយកលុយចែកគ្នា។
លោក ងិន ពេជ្រ តំណាងអយ្យការបានប្តូរបទចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះលោក គង់ មករា ភេទប្រុស អតីតប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងជនជាប់ចោទទី២ឈ្មោះ នួន ផល្លី ភេទប្រុស អតីតប្រធានការិយាល័យ គណនេយ្យ និងហិរញ្ញវត្ថុ មន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអាចប្រឈមការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ទៅជាបទចោទប្រកាន់ពីបទ ការកេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមការជាប់ពន្ធនាគារត្រឹម ២ឆ្នាំ ទៅ៥ឆ្នាំ វិញ ដែលបានប្រព្រឹត្តនៅចំណុចភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។
លោក គង់ មករា បានសារភាពថា ខ្លួនពិតជាបានដឹងថា មានការលក់ដីមន្ទីរទំហំ ១៣ម៉ែត្រ គុណនឹង ៧៤ម៉ែត្រ ដោយទទួលបានតម្លៃ សរុប ៦២,៤០០ដុល្លារ យកទៅចែកគ្នា ជាមួយមន្ត្រីនៅក្នុងមន្ទីរ តាមឋានៈ ចាប់ពីម្នាក់២,០០០ដុល្លារ ហើយខ្លួនទទួលលុយចំនួន ១ម៉ឺនដុល្លារម្នាក់ឯង។ ជនជាប់ចោទបាន បន្ដថា មូលហេតុដែលខ្លួនហ៊ានសម្រេចជាមួយមន្ត្រី យកដីនោះលក់ព្រោះដីនោះមិនស្ថិននៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ។
លោក នួន ផល្លី បានឆ្លើយថា ខ្លួនត្រូវបានមន្ត្រីមន្ទីរ ចំនួន ១៦រូប នៅក្នុងអង្គប្រជុំដែលមានលោក គង់ មករា ជាប្រធានអង្គប្រជុំ បាជ្រើសតាំង ឲ្យធ្វើជាតំណាងឈរឈ្មោះ ចុះបញ្ជីដីរដ្ឋទំហំ ១៣ម៉ែត្រ គុណនឹង ៧៤ម៉ែត្រ នោះធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន ដើម្បីយកទៅលក់ យកលុយចែកគ្នា។
សាក្សីឈ្មោះ អ៊ួន ចិន្ដា ប្រធានការិយាល័យរដ្ឋបាល មន្ទីររ៉ែ និងថាមពល បានឆ្លើយថា នៅពេលដែលដឹងថា មន្ទីរនឹងត្រូវបំបែកជាពី ពេលនោះមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរបានឲ្យលោកស្រីធ្វើលិខិតស្នើទៅមន្ទីរសុរិយោដីខេត្ត មកចុះវាស់វែងដីមន្ទីរចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ដែលមានដីទំហំ ៧៣ម៉ែត្រ គុណនឹង ៨៤ម៉ែត្រ។
បើយោងតាមចម្លើយសាក្សីជាច្រើនរូប រួមមាន មេភូមិសំរោង ចៅសង្កាត់កំពង់ប្រណាក ភូមិបាលក្រុងព្រះវិហារ និងអភិបាលក្រុងព្រះវិហារ បានឆ្លើយថា ពួកខ្លួនបាន ចុះទៅវាស់វែងដី និងបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដី ទំហំ ១៣ម៉ែត្រ គុណនឹង ៧៤ម៉ែត្រ នោះមែន ព្រោះតែដីនោះមានឈ្មោះ នួន ផល្លី អះអាង និងមានឯកសារបញ្ជាក់កម្មសិទ្ធិ។
លោក យ៉ាន សុធា បានឆ្លើយថា លោកបានទិញដីនោះស្របច្បាប់ពីឈ្មោះ នួន ផល្លី ជាម្ចាស់កម្មសិទ្ធិ ក្នុងតម្លៃ ៤,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយមានអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានដឹងឮ និងចុះហត្ថលេខាលើឯកសារទិញលក់។ លោកថា បើរដ្ឋចង់យកដីនោះវិញ លោកព្រមប្រគល់ឲ្យ ប៉ុន្តែត្រូវតែមានសំណងឲ្យលោកគ្រប់គ្រាន់តាមការខាតបង់។
គួររំឭកថា អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងឈ្មោះ នួន ផល្លី ដើម្បីស្តាប់ចម្លើយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានឃាត់ខ្លួនជនសង្ស័យរូបនេះជាមួយបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។
ក្រោយសាកសួរចប់សព្វគ្រប់ លោក វេង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទោះយ៉ាងណាតុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខវិញ៕
https://youtu.be/r-qx-YbOQkE
មតិយោបល់