ព័ត៌មានជាតិ

ចេញពីធ្វើការត្រូវក្រុមទម្លាក់យោង យកអស់គ្រឿងអល័ង្កកា បានត្រឹមប្តឹងប៉ូលិស

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីជាកម្មការនីរោងចក្រម្នាក់ បានប្រទះប៉ះជួបក្រុមទម្លាក់យោង ល្បួងនាំយកទៅដោះយកគ្រឿងអល័ង្កកាពីខ្លួនរលីង។

 

ស្ត្រីជនរងគ្រោះមានឈ្មោះ ស្រីឡៃ អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ខ្សែក ចិញ្ចៀន និងកងដៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ ទៅផ្ទះដោយដើរតាមបណ្តោយផ្លូវខាងលើ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ដើរមកសួរ រឿងគេជ្រុះបាត់កាបូបលុយ មិនទាន់ទាំងឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀតដើរមក ប្រាប់ថាកុំមាត់ គេរើសបានកាបូបលុយ យើងទុកចែកគ្នា ថាហើយល្បួងជនរងគ្រោះ ឡើងជិះម៉ូតូ មួយគ្រឿងម្នាក់ឌុបនាំទៅដល់ចំណុចមាត់ប្រឡាយ ឈប់ម៉ូតូ ហុចកាបូបខ្មៅ ក្នុងនោះមានខ្សែក ជាលោហៈក្រហមឲ្យ រួចចាប់ដោះយកខ្សែក ចិញ្ចៀន កងដៃ ហើយនាំគ្នាជិះចេញទៅ ដោយប្រាប់ថា ទៅដូរ លក់ចែកគ្នា ។ ប្រភពដដែលបានបន្តទៀតថា គ្រាន់តែជនសង្ស័យទាំង៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះចេញភ្លាម មើលភ្លាម ដឹងថាក្រឡៃ ស្រែកឆោឡោ ឲ្យគេជួយដែរ តែគ្មានអ្នកណាឮ បានត្រឹមស្រែកទ្រហោរយំ ដើរទៅអង្គុយមុខផ្ទះអ្នកលក់ដូរ ។

ជនរងគ្រោះ ក្រោយពីចាញ់ល្បិចក្រុមទម្លាក់យោង អស់គ្រឿងអល័ង្កកាពីខ្លួន បានមកវិញខ្សែកក្រឡៃ រួចមក បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក៕

 

 

មតិយោបល់