ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពញាពន់ ធ្វើការឃាត់ខ្លួនពីបទកាន់កាប់នឹងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ក្រោយពីផឹកស៊ីជាមួយបក្ខពួកខឹងនឹងគេដែលថាខ្លួនមិនអស្ចារ្យក៏ជិះម៉ូតូទៅយកកាំភ្លើងដែលទុកក្នុងព្រៃយកមកសម្ញែងវ៉ូងផឹក មានអីជាប់ខ្នោះសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ អោ ហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន អាវុធAK56 លេខ56-1-16042 ចំនួន១ដើម, បង់ចំនួន១, គ្រាប់ចំនួន៣០គ្រាប់, បេអង្ករចំនួន១ និងម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FG-7333 ចំនួន១គ្រឿងផងដែរ។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺនៅមុនពេលកើតហេតុ ជនសង្ស័យ បានផឹកស៊ីជាមួយមិត្តភក្តិនៅភូមិកើតហេតុខាងលើ ដោយមានបក្ខពួកទាំងអស់ចំនួន៧នាក់ ផឹកអស់ស្រាបៀរចំនួន២កេស លុះដល់វេលាម៉ោងកើតហេតុ ខ្លួននឹងបក្ខពួកក៏មានទំនាស់ពាក្យសម្តីជាគ្នា ភ្លាមនោះខ្លួនបាននិយាយទៅបក្ខពួកថា « បើពួកឯងថាខ្ញុំមិនអស្ចារ្យ ចាំខ្ញុំមួយភ្លែត» ភ្លាមនោះខ្លួនក៏ជិះម៉ូតូម៉ាកសេ១២៥ខាងលើ ទៅយកAK56 ដែលខ្លួនបានលាក់ទុកនៅក្នុងកំពោធព្រៃក្រោយព្រៃ ហើយបានយកបេអង្ករមកច្រកអាវុធដាក់ក្នុងបេ រួចលើកដាក់លើទូកម៉ូតូជិះត្រឡប់ទៅកន្លែងផឹកវិញ ឃើញដូចនោះបក្ខពួកក៏បានស្ទុះមកចាប់ឃាត់ឃើញអាវុធដែលជនសង្ស័យដាក់លើទូកម៉ូតូ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំខ្លួនមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់