ព័ត៌មានកីឡា ព័ត៌មានជាតិ

គ្រូណាហ្គា ថាចាញ់ស៊ីម៉ាក់ដោយសារដាក់កីឡាករខុស

ណាហ្គាវើល បានធ្លាក់ចេញពីពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ២០១៦ ក្រោមថ្វីជើងស៊ីម៉ាក់ ត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយបរាជ័យ២ទល់និង១ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ លទ្ធផលស្ទើរមិនគួរឲ្យជឿនេះ ត្រូវបានគ្រូបង្វឹកលោក មាស ចាន់ណា ថាមកពីលោករៀបជើងកីឡាករខុស។

គ្រូកម្រិត A License រូបនេះបញ្ជាក់ថា លោកដាក់កីឡាករជម្រើសទី២ ឲ្យលេងច្រើនក្នុងការប្រកួតនេះ ហើយនៅចុងម៉ោងពួកគេគ្រប់គ្រងអារម្មណ៍លេងបាន និងបណ្តោយឲ្យដៃគូវាយលុកបានជាញយដង រហូតរកគ្រាប់បាល់ជ័យជម្នះបាននៅចុងម៉ោង។

លោក មាស ចាន់ណាបញ្ជាក់ថា “ខ្ញុំមើលដំបូងកីឡាករក្មេងៗ ពួកគេធ្វើបានល្អណាស់ ចាប់តាំងពីតំបន់ខាងក្រោម និងការសហការណ៍បញ្ជូនបាល់ទៅលើ ប៉ុន្តែជិតចប់ការប្រកួត ពួកគេថមថយកម្លាំងច្រើន ហើយបាត់បង់ម្ចាស់ការខ្លួនឯង ទើបមានចន្លោះប្រហោងឲ្យដៃគូវាយលុយបាន”

ស៊ីម៉ាក់ បានបើកការនាំមុខមុនតាំងពីនាទីទី៧ មុនពេលខ្សែកាពារ ស៊ុន សុវណ្ណរឹទ្ធី ស៊ុតបាល់ពិន័យ១១ម៉ែត្រ ឲ្យណាហ្គាតាមបានស្មើនៅនាទីទី៦៦។ ប៉ុន្តែមុនអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ ហុង មករា បានស៊ុតគ្រាប់ជ័យជម្នះឲ្យស៊ីម៉ាក់ ពីក្រៅប្រអប់ទីបានសម្រេច។

វគ្គ១/២ នៅថ្ងៃទី២៩ ខាងមុខ ស៊ីម៉ាក់ និងឡើងទៅប៉ះក្រសូងការពារជាតិ ចំណែកភ្នំពេញក្រោន ប្រឈមនិងព្រះខ័នរាជស្វាយរៀង៕

មតិយោបល់