ព័ត៌មានជាតិ

ប្រទះឃើញសពមន្ត្រីការិយាល័យភូមិបាលស្រុកភ្នំក្រវាញម្នាក់ ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ជួល

ពោធិ៍សាត់ៈ លោកអធិការស្រុកភ្នំក្រវាញ បានប្រាប់Post News ថា នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ញឹម ត្រង ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិលាច ឃុំលាច ជាម្ចាស់បន្ទប់ជួលនៅភូមិបោះពួយ ឃុំលាច ថា មានមនុស្សស្លាប់នៅក្នុងបន្ទប់ជួលរបស់គាត់។

លុះនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែឆ្នាំដដែល កម្លាំងនគរបាលស្រុក,កម្លាំងនគរបាលជំនាញខេត្ត,លោកគ្រូពេទ្យខេត្ត,កងរាជអាវុធហត្ថ,លោកមេភូមិ និងលោកមេឃុំ បានពិនិត្យសាកសពឃើញថា ការស្លាប់របស់ជនរងគ្រោះ គឺជាករណីឃាតកម្ម​ មិនមែនជាករណីស្លាប់ដោយសារជំងឺណោះទេ ព្រោះនៅលើសាកសពជនរងគ្រោះមានរបួសចំនួន២កន្លែង(របួសចំ ចំហៀងក្បាលខាងស្តាំ និងរបួសចំកដៃខាងឆ្វង)។

លោកអធិការស្រុកភ្នំក្រវាញ បន្តថា ជនរងគ្រោះមានឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីការិយាល័យភូមិបាលស្រុកភ្នំក្រវាញ ស្នាក់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមការសន្និដ្ឋាន សាកសពនេះ ប្រហែលជាស្លាប់នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងករណីនេះ កម្លាំងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមរកមុខសញ្ញា ចំណែកសាកសព ត្រូវបានកម្លាំងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់