ព័ត៌មានជាតិ

ដល់ម្លឹង!ស្តារិចបុកទ្រូងផ្លូវពេញទំហឹង ផ្លោងបុកចូលផ្ទះលក់ថ្នាំពេទ្យ វិល១ជុំបោកផ្ទប់នឹងជញ្ជាំងផ្ទះគេបន្ថែមទៀត ខ្ទេចអស់អាលីងរបួសធ្ងន់២នាក់!

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើដោយរថយន្តម៉ាក ស្តារិច មួយគ្រឿងជិះដោយប្តីប្រពន្ធ១គូ បើកបរក្នុងល្បឿនលឿនបួងចង្កូតខ្លាំងពេកជ្រុលទៅបុកចូលផ្ទះលក់ថ្នាំពេទ្យពេញទំហឹង រួចរថយន្តបានជាន់ហ្គែរថយក្រោយខ្លាំងក៏ផ្លោងទៅបុកនឹងជញ្ជាំងផ្ទះគេ១ខ្នងបន្ថែមទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តវិញមើលលែងយល់។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវចូលវត្តតាំងកសាង ភូមិចម្ការឪឡឹក ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Starex Hyundai ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8412 រួមដំណើរដោយនារីម្នាក់ត្រូវជាប្រពន្ធ ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុបុរសជាអ្នកបើករថយន្តខាងលើបានបួងចង្កូតខ្លាំងពេកក៏ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យរថយន្តផ្លោងបុកចូលផ្ទះប្រជាពលរដ្ឋដែលលក់ថ្នាំពេទ្យ ពេញទំហឹង ធ្វើឲ្យរថយន្តវិលក្បាលឡើងមួយជុំ ចំណែកអ្នកបើកបររថយន្តភ័យពេក បានជាន់ហ្គែររថយន្តថយក្រោយមួយទំហឹង ក៏ជ្រុលទៅបុករបងផ្ទះមួយខ្នងទៀតនៅជាប់គ្នាដែលគ្មានមនុស្សស្នាក់នៅយ៉ាងពេញទំហឹង បណ្តាលឲ្យផ្ទះជាប់គ្នាទាំង២ខ្នង រងការខូចខាតរបងខាងមុខមុខផ្ទះស្ទើរតែទាំងស្រុង។ រីឯរថយន្តបានរងការខូចខាតខ្ទេចខ្ទីយ៉ាងដំណាំតែម្តង។ ចំណែកបុរសនិងស្រ្តីនៅក្នុងរថយន្ត ត្រូវជាប្តីប្រពន្ធនឹងគ្នា បានគៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ធ្ងរទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗតែម្តងនៅឯមន្ទីរពេទ្យ។ ដោយឡែកម្ចាស់ផ្ទះវិញមិនមានការរងរបួសនោះឡើយ គ្រាន់តែខូចខាតរបងផ្ទះ និងសម្ភារ:មួយចំនួនតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់