ភ្នំពេញៈ មានករណីខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជោគជាំមួយ ហើយក៏មានរន្ទះបាញ់មកលើសារ៉ាវ ត្រូវបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ហើយត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ខណៈមានករណីខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជោកជាំ និងរន្ទះបាញ់នៅពេលដែលជនរងគ្រោះអង្គុយផឹកតែ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជិត Hotel សុខា)។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១-ឈ្មោះ ម៉ីត ស្លេះ ភេទប្រុស អាយុ ៦៥ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល, ទី២-ឈ្មោះ ម៉ីត យ៉ាន ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅផ្ទះក្នុងក្រុមទី១០ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងទី៣-ឈ្មោះសេន ណាសៀត អាយុ ៤៩ឆ្នាំ រស់នៅបណ្តោះអាសន្នកន្លែងកើតហេតុមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិចំនួន ៥នាក់កំពុងតែអង្គុយផឹកតែជជែកគ្នាលេងពីនេះពីនោះ នៅសុខៗ ក៏ស្រាប់តែមានភ្លៀងលាយឡំខ្យល់កន្ទ្រាក់យ៉ាងខ្លាំង មួយសន្ទុះក៏មានផ្លេកបន្ទោរព្រៀកៗ ស្រាប់តែមានរន្ទះបាញ់ផាំងមកចំសារ៉ាវតែម្តង ពេលនោះមានម្នាក់ស្លាប់ និងសន្លប់លែងដឹងខ្លួនម្នាក់ ពេលដឹងខ្លួន និងម្នាក់ទៀតរបួសស្រាល ក៏នាំគ្នាដឹកតាមទូកមកមន្ទីរពេទ្យតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះ បានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ ខែកក្កដា ឆ្នាំ២០១៧នេះ៕
មតិយោបល់