ព័ត៌មានសេដ្ឋកិច្ច

ភ្នំពេញ ក្លាយជាគោលដៅហោះហើរថ្មីបំផុតទី ១៥៧ របស់ក្រុមហ៊ុនអាកាសចរ Emirates

ក្រុមហ៊ុនអាកាសចរ Emirates បានក្លាយជាប្រតិបត្តិករទី ៣៤ នៅក្នុងវិស័យអាកាសចរកម្ពុជា ហើយប្រទេសកម្ពុជា ក៏ក្លាយជាគោលដៅទី ១៥៧ នៃគោលដៅហោះហើរទូទាំងសកលលោករបស់ Emirates។ នេះបើយោងតាមសេចក្តីប្រកាស នៅក្នុងសន្និសីទសារព័ត៌មានរបស់ ក្រុមហ៊ុនអាកាសចរ Emirates ធ្វើឡើងនៅថ្ងៃនេះ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឲ្យដឹងថា មានក្រុមហ៊ុនរហូតដល់ ៣៧ កំពុងប្រតិបត្តិការនៅក្នុងវិស័យអាកាសចរនៅកម្ពុជា ដែលក្នុងនោះ ៧ក្រុមហ៊ុន ជាក្រុមហ៊ុនក្នុងស្រុក។

លោក Badr Abbas អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិពាណិជ្ជកម្មចុងបូព៌ា បានឲ្យដឹងថា ការផ្សារភ្ជាប់ជើងហោះហើរថ្មីរវាងភ្នំពេញ-យ៉ាំងហ្គោន-ឌូបៃ គឺដើម្បីបើកទីផ្សារថ្មី ឱកាសថ្មី នឹងជម្រុញឲ្យមានការដឹកជញ្ជូនទំនិញរវាងគ្នា។

លោក បញ្ជាក់ថា កម្ពុជា ត្រូវបានចាត់ទុកជាគោលដៅសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលបំផុត ហើយ រំពឹងទាក់ទាញទីផ្សារអឺរ៉ុបបានច្រើនផងដែរ។

មិនត្រឹមតែទីផ្សារកម្ពុជានោះទេ ក្រុមហ៊ុន Emirates ក៏ឈានជើងចូលទីផ្សារអាស៊ីអាគ្នេយ៍ដូចជា ក្រុងហាណូយ ក្រុងយ៉ាំងហ្គោន ក្រុង ២ ក្នុងប្រទេសចិន និងក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញ ជើងហោះហើរត្រង់ភ្នំពេញ-ឌូបៃ ពុំទាន់អាចដាក់ឲ្យដំណើរការបានទេ ដោយសារ ក្រុមហ៊ុន Emirates ប្រើប្រាស់យន្តហោះទំនើប ធំៗ ត្រូវការអ្នកដំណើរច្រើន គឺប្រមាណ ៤០០នាក់ បើសិនជាហោះហើរត្រង់ជារៀងរាល់ថ្ងៃ គឺពុំទាន់មានអ្នកដំណើរគ្រប់គ្រាន់ទេ។

គួរជម្រាបដែរថា កត្តាដែលគួរឲ្យចាប់អារម្មណ៍ពី កម្ពុជា គឺប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយអ្នកដំណើរព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងការព្យាករណ៍ទទួលកំណើនភ្ញៀវទេសចររហូតដល់ ៨លាននាក់ ត្រឹមឆ្នាំ ២០២០៕

មតិយោបល់