ព័ត៌មានជាតិ

ស្ត្រីចំណាស់ដែលយកកុមារឲ្យដើរសុំទាន តាមស្តុបអាចប្រឈមការជាប់ពន្ធនាគារ ពី១៥ទៅ២០ឆ្នាំ

ភ្នំពេញៈ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះថា ក្រោយពីលោកស្រីបានទទួលយកសំណុំរឿងមកពិនិត្យ និងបើកការស៊ើបសួរ ចប់សព្វគ្រប់ លោកស្រីបានសម្រេចចោទប្រកាន់ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំ ពីបទ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច យោងតាមមាត្រា ១២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

បើយោងតាមមាត្រាខាងលើនេះ ជនត្រូវចោទអាចប្រឈមមុខការជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ២០ឆ្នាំ ដោយសារតែជនរងគ្រោះជាអនីតិជន។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីខាងលើកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងជួយសង្គ្រោះកុមារចំនួន ៧នាក់ ដែលក្នុងនោះមានទារក២នាក់។ ក្រោយពេលសង្គ្រោះបានកុមាររងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនឲ្យទៅស្នាក់នៅជាមួយអង្គការគាំពារកុមារ ដើម្បីស្វែងរកម្ដាយ និងអាណាព្យាបាលរបស់ពួកគេមកទទួលយកទៅចិញ្ចឹមវិញ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចជនត្រូវចោទ បានសារភាពថា ខ្លួនបានប្រកបមុខរបររបៀបនេះអស់រយៈពេល៧-៨ឆ្នាំមកហើយ ដោយបានទិញកុមារទាំងអស់នោះពីឪពុកម្តាយពួកគេដែលក្រីក្រ ហើយប្រសិនបើពួកគេសុំមិនបានលុយតាមការកំណត់ទេនោះ ពួកគេនឹងត្រូវខ្លួនវាយ និងបង្អត់អាហារថែមទៀតផង៕

https://youtu.be/nfEzMQzOwP4

មតិយោបល់