ព័ត៌មានជាតិ

បុរសម្នាក់ ចាញ់បោកគេអស់ម៉ូតូ១គ្រឿងទាំងព្រឹក!!

ភ្នំពេញៈ បុរសម្នាក់ បានចាញ់បោកជនខិលខូចប្រុសស្រី២នាក់ បណ្ដាលឲ្យអស់ម៉ូតូ១គ្រឿងទាំងព្រឹក ខណៈដែលបុរសរងគ្រោះរូបនោះ ជិះម៉ូតូ១គ្រឿងដឹកប្រពន្ធទៅធ្វើការរោងចក្រ ហើយបានឆ្លៀតពេល រត់ម៉ូតូឌុបនិងបានឌុបប៉ះចំជនខិលខូចខាងលើនោះដោយមិនដឹងខ្លួន បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៏។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបុរីពីភពថ្មី ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ ឆិល ភាព អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកទ្រាំង ខេត្តតាកែវ និងស្នាក់នៅក្នុងផ្ទះជួលនៅក្នុងភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1A-3047។ ចំណែកជនសង្ស័យទាំង២នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

បុរសរងគ្រោះបានប្រាប់នគរបាលថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿងនោះ ដឹកប្រពន្ធទៅធ្វើការរោងចក្រ ប៉ុន្តែពេលទៅដល់មិនទាន់ដល់ម៉ោងចូលធ្វើការខណៈដែលកំពុងអង្គុយនៅខាងមុខរោងចក្រ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់នោះទៅដល់ ហៅឲ្យខ្លួនដឹកទៅកាន់បុរីពភពថ្មីដែលជាចំណុចកើត ហេតុខាងលើនោះ។ ពេលនោះខ្លួនក៏បានដឹកហើយពេលទៅដល់ ជនសង្ស័យក៏បានឲ្យឈប់ ដើម្បីទិញផ្លែឈើដោយជនសង្ស័យបានពឹងឲ្យខ្លួនជួយទិញឲ្យ ខណៈនោះគាត់បានចុះពីលើម៉ូតូដោយមិនបានដកសោចេញឡើយ បន្ទាប់មកក៏ត្រូវជនសង្ស័យជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។ មិនតែប៉ុណ្ណោះនៅក្រោមកែប ម៉ូតូនោះក៏មានកាតគ្រីម៉ូតូផងដែរ៕

https://youtu.be/_zB_f1vn5fI

មតិយោបល់