ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់ដល់មនុស្សមួយចំនួន ដែលធ្វើសកម្មភាពមិនប្រក្រតី ដូចជាការសេពគ្រឿងញៀន ការធ្វើខ្លួនជាបងធំបងតូច និងសកម្មភាពមួយចំនួនទៀត ដែលធ្វើឲ្យសង្គមស្អប់ខ្ពើម។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង១៨៥២នាក់ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ជានិមិត្តរូបដ៏ថ្មីមួយទៀត ដែលធនធានកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ជនពិការនៅតាមសាកលវិទ្យាល័យជាច្រើន ក្នុងនោះមាន កញ្ញា ស្រេង វណ្ឌី ដែលជាជនពិការ(គរ) ជានិស្សិតផ្នែកកុំព្យូទ័រគរថ្លង់មួយរូប នៅសាកលវិទ្យាល័យនេះ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា “ចំណុចនេះ បង្ហាញឲ្យឃើញពីការពិការកាយ តែមិនពិការចិត្តនោះទេ”។
នៅក្នុងប្រទេសកម្ពុជា មានជនពិការច្រើននាក់ណាស់ ប៉ុន្តែជនពិការទាំងនោះ ពួកគេពិការរៀងកាយ និងកាយសម្បទា ប៉ុន្តែពួកគេមិនពិការផ្លូវចិត្តនោះទេ។
ពាក់ព័ន្ធចំណុចនេះ សម្ដេច ហ៊ុន សែន បានបន្ថែមថា “យើងគិតថា ត្រង់ចំណុចនេះ ពួកគេ(ជនពិការ) គឺជាមនុស្សដែលមិនពិការផ្លូវចិត្ត ក៏ប៉ុន្តែជនមិនពិការមួយចំនួនប្រឹងធ្វើឲ្យខ្លួនគេ ក្លាយជាមនុស្សពិការ តាមរយៈសកម្មភាពមិនប្រក្រតី ដូចជាការសេពគ្រឿងញៀន ការធ្វើខ្លួនជាបងធំបងតូច និងសកម្មភាពមួយចំនួនទៀត ដែលធ្វើឲ្យសង្គមស្អប់ខ្ពើម”។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងជុំវិញជនពិការនេះ សម្ដេចបានទទួលស្គាល់ថា ជនពិការត្រូវបានផ្ដល់ឱកាសឲ្យទទួលបាននូវការងារជាច្រើននៅតាមអង្គភាព ស្ថាប័នរដ្ឋ ក្នុងនោះមានស្ថាប័នមួយចំនួនដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ ដែលពួកគេបានធ្វើការឆ្លើយឆ្លងការងារជាមួយជនពិការដូចគ្នានៅក្រៅប្រទេស។ នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ជនពិការជាច្រើនអាចនឹងមានលទ្ធភាពទទួបានឱកាសការងារខ្ពស់ក្នុងផ្នែកបច្ចេកវិទ្យា៕
មតិយោបល់