ព័ត៌មានជាតិ

រថយន្តកាមរីពន្លះឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចររាចរណ៍ខេត្តឧត្តរមានជ័យបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់ធ្ងរ២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំខាងលិចភូមិព្រៃនគរ ឃុំពង្រ ចម្ងាយពីភូមិ២គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ជុន រើន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃនគរ ឃុំពង្រ រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ។ ទី២ឈ្មោះ ផល់ វី ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ទ (ស្លាប់) និងទី៣ឈ្មោះ រើន ប៊ុនលាប ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។ ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ករណីនេះកើតឡើងរវាងរថយន្តកាមរី ស៊េរី៩៥ ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2C 0318 ជាមួយម៉ូតូឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ លេខមាស៊ីន68150 ស្លាកលេខ ឧត្តរមានជ័យ 1C 5395 បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់និងស្លាប់ម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យវាស់វែងដល់កន្លែង ហើយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកឯសាកសពបានប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់