ព័ត៌មានបច្ចេកវិទ្យា

ផ្លូវការហើយ! LG Q6 ចេញ ៣ ម៉ូឌែល អេក្រង់គែមស្តើងដូចគ្នា

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមកាលពីសប្តាហ៍មុនមក ក្រុមហ៊ុន LG នៅថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការនូវវត្តមានទូរសព្ទលំដាប់ថ្នាក់កណ្តាលស៊េរី Q6 ចំនួន ៣ ម៉ូឌែល ដែលវាត្រូវគេស្គាល់ថាជា G6 ខ្នាតកណ្តាល។
យោងតាមក្រុមហ៊ុនអេឡិចត្រូនិច LG នេះគឺជាផ្តល់ជូនជាលើកដំបូងហើយរបស់ក្រុមហ៊ុន នូវជម្រើសទូរសព្ទដៃលំដាប់ថ្នាក់កណ្តាលថ្មី ដែលបំពាក់មកជាមួយលក្ខណ:សម្បត្តិកម្រិតខ្ពស់ និងមានតម្លៃប្រកួតប្រជែងដ៏ល្អប្រសើរមួយ។

សែស្រឡាយ Q6 ក៏មិនខុសពី G6 ប៉ុន្មានដែរ ពោលគឺ វាបំពាក់អេក្រង់ FullVision ស្ទើរគ្មានស៊ុម និងប្រើខ្នាត ១៨:៩ (បណ្តោយ ១៨ អីុញ, ទទឹង ៩ អីុញ) ដែលផ្តល់នូវការទស្សនាវីដេអូ ឬខ្សែភាពយន្តផ្សេងៗកាន់តែជក់ចិត្ត។

LG Q6 ត្រូវបានផលិតចេញជា ៣ ម៉ូឌែល រួមមាន Q6+, Q6, និង Q6a។ ម៉ូឌែលទាំងបី មានលក្ខណ:សម្បត្តិខុសគ្នាតែទៅលើ RAM, ROM (អង្គចងចាំជាប់ម៉ាស៊ីន) និងលក្ខណ:ពណ៌ប៉ុណ្ណោះ ពោលគឺ Q6+ បំពាក់ RAM/ ROM ទំហំ ៤/៦៤ ជីហ្គាបៃយ៍​ មានជម្រើសពណ៌ ខ្មៅ ផ្លាទីន ​និងខៀវ, Q6 បំពាក់ RAM/ROM ទំហំ ៣/៣២ ជីហ្គាបៃយ៍ មានជម្រើសពណ៌ ខ្មៅ ផ្លាទីន ស និងមាស, និង Q6a បំពាក់ RAM/ROM ទំហំ ២/១៦ ជីហ្គាបៃយ៍ មានជម្រើសពណ៌ ខ្មៅ ផ្លាទីន និងមាស។

ក្រៅពីនេះពួកវាទាំងបី សុទ្ធតែប្រើអេក្រង់ FHD+ ទំហំ ៥.៥ អីុញ មានខ្នាតបញ្ចាំងរូបភាព ១០៨០x២១៦០ ភិចសែល គាំទ្រប្រតិបត្តិការដោយបន្ទះឈីប Snapdragon 435 ជំនាន់​ Octa-core និង GPU ជំនាន់ Adreno 505។

ចំណែកកាមេរ៉ាក្រោយមានទំហំ ១៣​ មេហ្គាភិចសែល ហើយកាមេរ៉ាមុខទំហំ ៥ មេហ្គាភិចសែល អាចចាប់យករូបភាពក្នុងមុំ ១០០ ដឺក្រេ អមដោយប្រព័ន្ធថតសម្គាល់ផ្ទៃមុខសម្រាប់ដោះសោរហ័ស។ ដោយឡែក LG Q6 គឺដើរដោយថ្មថាមពល ៣,០០០​ មីល្លីអំព៊ែរ និងប្រព័ន្ធ Android Nougaht ជំនាន់ចុងក្រោយ ដំឡើងរួចជាស្រេចចេញពីរោងចក្រ។

តាមការប្រកាសពីក្រុមហ៊ុន​ Q6 ទាំងបីម៉ូឌែល នឹងចាប់ផ្តើមចែកចាយលក់នៅលើទីផ្សារគោលដៅតំបន់អាស៊ី ក្នុងខែសីហា បន្ទាប់មក វានឹងចេញលក់នៅតំបន់អឺរ៉ុប អាមេរិចឡាទីន និងអាមេរិកខាងជើង។ ចំពោះតម្លៃវិញ គឺពុំទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ គិតមកទល់ពេលនេះ៕

ប្រភពព័ត៌មាន phonearena

មតិយោបល់