ព័ត៌មានជាតិ

ព្រុសបត់មិនប្រយត្ន័ បុកម៉ូតូសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសដាច់ជើងម្ខាង!

ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ត្រូវបានរថយន្តព្រុសមួយគ្រឿង បើកបត់ឆ្វេងត្រឡប់ក្រោយ មិនប្រុងប្រយ័ត្ន បុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង និងម្នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម ម្តុំផ្សារឌុយមិច ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC- 7849 និងបុរសម្នាក់ទៀត អង្គុយខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុម្តុំផ្សារឌុយមិច ក៏មានរថយន្តព្រុសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-0400 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាបានបត់ឆ្វេងត្រឡប់ក្រោយ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដួលរងរបួសធ្ងន់ធ្ងរ ដាច់ជើងខាងឆ្វេងម្ខាង និងបុរសម្នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនិងម៉ូតូនៅនឹងកន្លែងតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់