ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ចុះឆែកឆេរបន្ទប់ជួល និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរថ្នាំញៀន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយផ្សារដីហុយ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការខាងលើនេះ មានការដឹកនាំកម្លាំងដោយ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក ដួង វណ្ណៈ នាយរងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីនិងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនទី១ ឈ្មោះ ផល គឹមហុង ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរជាងភ្លើង, ទី២ ឈ្មោះចាន់ វិស្តា ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមិនពិតមានស្រុកកំណើត ស្នាក់នៅខេត្តពោធិ៍សាត់ និងទី៣ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំមុខរបរធ្វើការនៅក្នងខារ៉ាអូខេ ទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាមុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ គឺដោយសារកម្លាំងរបស់អធិការដ្ឋានខណ្ឌស្រាវជ្រាវតាមយ៉ាងយូរទើបកម្លាំងជំនាញខណ្ឌឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យតែម្តង។
សម្ភារៈដកហូតបានរួមមាន ម្សៅក្រាមថ្លាសមួយចំនួនធំ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕






https://youtu.be/-Yu4nF8AlYE
មតិយោបល់