ព័ត៌មានជាតិ

បុរសម្នាក់ ចុះរាវគ្រំក្នុងទន្លេវ៉ៃគោ លង់ទឹកស្លាប់

ស្វាយរៀងៈ បុរសម្នាក់ ចុះរាវគ្រំនៅក្នុងព្រែកទន្លេវ៉ៃគោ បានលង់ទឹកស្លាប់ ហើយសពក៏អណ្ដែតឡើងមក កាលពីវេលាម៉ោងម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

ជនរងគ្រោះលង់ទឹកស្លាប់នោះ ឈ្មោះ អន សាវ៉ាន់ ហៅមៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានប្រពន្ធឈ្មោះ សូសាមឿ អាយុ៥៤ឆ្នាំ មានកូន៤នាក់ និងមានជីវភាពក្រីក្រ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ គេឃើញជនរងគ្រោះនាំប្រពន្ធ និងកូនតូចម្នាក់ និងអ្នកភូមិ២នាក់ផ្សេងទៀត បានមកចុះរាវគ្រំ នៅក្នុងព្រែកទន្លេវ៉ៃគោ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ប៉ុន្តែពេលមកដល់ប្រពន្ធកូន និងអ្នកភូមិ២នាក់ផ្សេងទៀត បាននៅអង្គុយមាត់ព្រែក រីឯជនរងគ្រោះបានដើរចុះទៅក្នុងទឹកព្រែកតែម្នាក់ឯង គឺដើរចុះទឹកចម្ងាយជិត១០០ម៉ែត្រ ពីច្រាំងជម្រៅត្រឹមចង្កេះ ស្រាប់តែលេចទៅក្នុងទឹក បន្ទាប់មកឃើញស្ទុះស្រវេស្រវាឡើង រួចស្រែកឲ្យគេជួយទំនងជារមួលក្រពើ ពេលនោះអ្នកទៅជាមួយក៏រត់ចុះទៅជួយ តែដោយសារជនរងគ្រោះធ្លាក់ចូលរណ្ដៅជ្រៅមិនអាចជួយបាន និងដោយសារខ្យល់រលកបោកខ្លាំងផង ក៏រត់ឡើងគោកវិញ។ ភ្លាមៗនោះ ស្រាប់តែជនរងគ្រោះលេចចូលទៅក្នុងទឹកបាត់តែម្តង។ ចំណែកប្រពន្ធ និងកូនបានត្រឹមឈរយំប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក៏ប៉ុន្តែគ្មានអ្នកណាចេះហែលទឹក និងមុជទឹក ទើបឲ្យអ្នកស្រុកយកមង និងមុងអូសរកសពរហូតដល់យប់នៅតែរកមិនឃើញ ម្យ៉ាងខ្យល់ខ្លាំង ហើយមានតែទូកត្នោតពិបាកក្នុងការរក ទើបរហូតដល់ម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ទើបសពអណ្តែតទឹក សមត្ថកិច្ចក៏បានស្រង់សពមកលើគោក ។

ក្រោយពិនិត្យរួចបានសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន ក៏ប្រគល់សពឲ្យក្រមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-25_19-04-28 photo_2016-05-25_19-04-30

មតិយោបល់