ព័ត៌មានបច្ចេកវិទ្យា

ធ្លាយលក្ខណៈសម្បត្តិ Google Pixel 2 ទ្រង់ទ្រាយធំ ល្មមឱ្យ Apple ញាក់សាច់!

ប្រិយមិត្តប្រហែលជានៅចាំបានហើយថា ស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនអិុនធើណែតយក្ស Google ដែលជាមេប្រព័ន្ធ Android គឺត្រកូល Pixel ដំបូងបង្អស់ បានធ្វើឱ្យរំជើបរំជួលពិភពស្មាតហ្វូនម្តងរួមមកហើយក្នុងឆ្នាំ ២០១៦​ ដោយសារតែសមត្ថភាព Hardware និង Software ពិសេសកាមេរ៉ាវាតែម្តង ដែលអាចផ្តិតយកនូវវីដេអូគុណភាពកម្រិតខ្ពស់ ច្បាស់ជាង iPhone 7 Plus។

ងាកមកឆ្នាំ ២០១៧ នេះវិញម្តង ដែលគេជឿជាក់ថា Google នឹងបញ្ចេញកំពូលស្មាតហ្វូនជំនាន់ទីពីររបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណ:ព័ត៌មានស្តីពីរូបរាង និងសមត្ថភាពរបស់វាត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ កាន់តែច្បាស់ គឺនៅថ្ងៃម្សិលមិញ លក្ខណ:សម្បត្តិកំពូលទូរសព្ទគូប្រជែងរបស់ iPhone ជំនាន់ទីពីរ ពោលគឺ Google Pixel (XL) 2 ត្រូវបានលេចឡើងក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ទាំងលក្ខណ:សម្បត្តិខាងក្រៅ និងខាងក្នុង។

ខាងក្រោមនេះ គឺជាលក្ខណ:សម្បត្តិសំខាន់ៗដែលត្រូវបានទម្លាយឱ្យដឹងចុងក្រោយបំផុតពីប្រភពដែលគួរឱ្យជឿទុកចិត្តផ្សេងៗ៖

– រចនាម៉ូដស្រដៀងទៅនឹងជំនាន់មុនរបស់វា ប៉ុន្តែ មានការកែលម្អឱ្យកាន់តែប្រណិត និងមើលទៅកាន់ទំនើបទាន់សម័យ ខុសពីរូបរាងដែលបានបែកធ្លាយកាលពីសប្តាហ៍មុន
– គែមអេក្រង់ខាងលើ-ក្រោមកាន់តែស្តើង
– ប្រើអេក្រង់ OLED ទំហំ ៦ អីុញ ខ្នាតបញ្ចាំងរូបភាពកម្រិត 2K (២៥៦០ x ១៤៤០ ភិចសែល)
– ផ្លាស់ប្តូរមាត្រដ្ឋានរូបភាព (aspect ratio) ពី ១៦:៩ ទៅ ១៨:៩ ដូច LG G6
– អេក្រង់ជាងប្រភេទ 3D រាងកោងបន្តិចនៅគែមសងខាង តែមិនកោងដល់ Galaxy ស៊េរី Edge
– រន្ធបំពងសំឡេងនៅខាងលើកាន់តែធំជាងមុន
– កាមេរ៉ាទោលខាងក្រោយមានភ្នែកធំជាងមុនខ្លាំងគួរឱ្យកត់សម្គាល់
– ប្រើបន្ទះឈីប Snapdragon 835 ជាមួយ CPU ជំនាន់ Octa-core ល្បឿន ១.៩ ជីហ្គាហឺត អមដោយ RAM/ROM ទំហំ ៤/១២៨ ជីហ្គាបៃយ៍
– ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android O
– កាមេរ៉មុខ/ក្រោយទំហំ ១២/៧ មេហ្គាភិចសែល ស្រដៀងនឹងជំនាន់មុន
– បន្ទះស្កេនក្រយៅដៃឋិតនៅផ្នែកខាងក្រោយត្រូវបានបង្ខិតចុះទាបជាងមុន
– ខ្សែវ័នអង់តែននៅសម្បកខាងក្រោយត្រូវបានដកចេញ

Google Pixel (XL) 2 ត្រូវគេរំពឹងថា នឹងប្រកាសចេញនៅខែតុលា ដូចជំនាន់មុខរបស់វា ហើយនឹងមានតម្លៃថ្លៃជាងប្រមាណ ៥០ ដុល្លារ ដោយកាលពីចេញដំបូង Google Pixel ថ្លៃ ៦៤៩ ដុល្លារ ចំណែកឯ Google Pixel XL ថ្លៃ ៧៦៩ ដុល្លារ (មិនទាន់គិតពន្ធនាំចូល)៕

ប្រភពព័ត៌មាន: forbes, techradar

មតិយោបល់