ព័ត៌មានជាតិ

គួរឲ្យអាសូរ! ដល់ថ្ងៃភ្ជាប់ពាក្យ កូនកំលោះត្រូវស្លាប់ដោយសារខ្សែភ្លើងឆក់!!

កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណី ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យមនុស្សស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃ១៣ ខែកក្កដាឆ្នាំ២០១៧ នៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាកសពជនរងគ្រោះខាងលើមានឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិករ នៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់) ,ទី២ ឈ្មោះ យ៉េង ខេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់) និងទី៣ឈ្មោះចែត ជឿន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ កសិករ នៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់)។

មុនពេលកើតហេតុ ជាថ្ងៃពិធីភ្ជាប់ពាក្យរវាងឈ្មោះ យ៉េត ខេន (ជនរងគ្រោះ) ជាមួយឈ្មោះ ជឿន សារ៉េត ក្រុមគ្រួសារខាងស្រីបានរៀបចំពិធី ដោយដំឡើងរោងនៅមុខផ្ទះ រួចក៏នាំគ្នាយកមេក្រូដែលចងនឹងបង្គោលទីបប្រវែង ៦ម៉ែត្រយកចងផ្អោបនឹងរោងតំឡើងមុខផ្ទះ ពេលលើកមេក្រូបញ្ឈរឡើងលើ ក៏ឆ្លងចរន្តអគ្គិសនី(ខ្សែកាបនៅពីលើ) បណ្តាលឲ្យមានតែម្តង។

ក្រោយពេលពិនិត្យសាកសពរួច បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់