ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ភុំ ម៉ាឡាតខាំពុន ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិឡាវ ដាក់ពន្ធនាគារកំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ម្សៅក្រាមមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,១៣៦ក្រាម(ជាង ១គីឡូក្រាម) និងគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន៦សុង ស្នើរនឹង ១,៩១៧ក្រាម (ជិត២គីឡូក្រាម) មានតម្លៃជិត ៩ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យធំ) តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទ បានបដិសេធចំពោះបទចោទ និងបានច្រានចោលនូវរាល់ចម្លើយមុនៗគ្រប់ដំណាក់កាល និងជាពិសេសដំណាក់កាលនគរបាលយុត្តិធម៌ ព្រោះនគរបាលបាន ធ្វើកំណត់ហេតុជាភាសាខ្មែរ និងបានចាប់ដៃគេឲ្យផ្តិតមេដៃលើកំណត់ហេតុ ដោយគ្មានបានអានជាភាសាឡាវឲ្យរូបគេស្តាប់នោះទេ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ ភុំ ម៉ាឡាតខាំពុន ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិឡាវ ត្រូវសមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខណៈជនសង្ស័យជិះរថយន្តឈ្នួល១គ្រឿង ចេញពីស្ទឹងត្រែងមកដល់ចំណុចខាងក្រោយមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យធំ) តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
https://youtu.be/yNxlQLPvGgM
មតិយោបល់