ព័ត៌មានជាតិ

ឃាត់ខ្លួនតាចាស់ល្មោភកាមម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីចុងខ្លួនឯង!..

កំពង់ចាមៈ ជនសង្ស័យម្នាក់មានវ័យ៧០ឆ្នាំជាងទៅហើយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពាក់ពន្ធ័នឹងករណី រំលោភសេពសន្ថវៈទៅលើកូនស្រីចុង។

ការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ហើយត្រូវបានលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤២៨ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ខាងលើ ពីបទ រំលោភសេពសន្ថវៈ ដែលប្រព្រឹត្តនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីអំឡុងក្នុងខែមីនា ក្នុងខែមេសា និងក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្ទះជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបង្ក្រាបបទ រំលោភសេពសន្ថវៈ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទ្រី ហួន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរ លក់ដូរ (ឪពុកចុង) មានស្រុកកំណើតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់