បន្ទាយមានជ័យៈ រថយន្តហាយឡិនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2B-0833 បានបុកម៉ូតូមួយគ្រឿងម៉ាក សង់ គ្មានភ្លើងបំភ្លឺផ្លូវពេលយប់ ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅកន្លែងកើតហេតុ សាក្សីបាននិយាយថា ជនរងគ្រោះ គឺជាអ្នកម៉ូតូមួយគ្រឿង ឌុបគ្នា៣នាក់ ក្នុងនោះមានក្មេងតូចម្នាក់ផង ក្នុងទិសដៅពីលិចទៅកើត គ្មានបើកភ្លើងបំភ្លឺផ្លូវទេ ហើយម៉ូតូដោះខ្ទេចខ្ទីសល់តែឆ្អឹង លុះមកដល់ចំនុចកើតហេតុ ក៏ត្រូវរថយន្តដែលបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្សខ្ទាតធ្លាក់មកលើផ្លូវ។
មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែង មានឈ្មោះ យស ប៊ុនជឿន ភេទប្រុស អាយុ៣៥ឆ្នាំ ហើយអ្នកឌុបដែលរងរបួសធ្ងន់ ឈ្មោះ តូ អ ភេទប្រុស អាយុ៣៨ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត ឈ្មោះ ជឿន ជិន អាយុ៧ឆ្នាំ ជាកូនប្រុសរបស់ជនរងគ្រោះដែលស្លាប់ ក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ អ្នកទាំង៣ រស់នៅក្នុងភូមិដីឡូត៍ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកបញ្ជូនជនរងគ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ ហើយបន្ទាប់មកក៏វាស់វែងនាំយកវត្ថុតាងទាំងពីរមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំពោះសពក្រុមគ្រួសារនាំយកទៅគេហដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់