ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បង្កឡើងដោយរថយន្តដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបុកគ្នាជាមួយរថយន្តដឹកកុងតឺន័រពេញទំហឹង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៤ ជិតគុលស្ពាន ចម្ងាយ៤គីឡូម៉ែត្រពីផ្លូវបំបែកកោះកង់ និងខេត្តព្រះសីហនុ ក្នុងភូមិចំការលួង ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦នេះ។
បើតាមលោក មាន រិទ្ធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សិលា បានប្រាប់ Post News ឲ្យដឹងថា ដោយយោងតាមសាក្សីថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុន តេលា បានបើកយ៉ាងលឿន ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះ បើកមកដល់ចំនុចកើតហេតុខាងលើ រថយន្តនេះ បានបើកប្រជែងនិងរថយន្ត១គ្រឿងទៀត ស្របពេលដែលរថយន្តដឹកកុងតឺន័របើកទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ទៅដល់ចំណុចនោះដែរ បណ្តាលឲ្យបុកជាមួយរថយន្តដឹកប្រេងពេញទំហឹង ហើយក្រឡាប់និងបានផ្ទុះឆេះរថយន្តនោះយ៉ាងសន្ធោសន្ធៅតែម្តង។
មេបញ្ជាការរូបនោះបានបញ្ជាក់ថា នៅមុនពេលរថយន្តផ្ទុះឆេះ អ្នកបើកបររថយន្តទាំងពីរខាងលើបានរត់គេចខ្លួនបានទាន់ពេលវេលា ហើយនិងមិនបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ។
លោកបានបញ្ជាក់ទៀតថា នៅខណៈដែលផ្ទុះឆេះរថយន្តដឹកប្រេងនោះ វាបានបណ្តាលឲ្យប្រេងសាំងហូរទៅឆាបឆេះដល់ផ្ទះ១ខ្នងប្រជាពលរដ្ឋនៅក្បែរនោះ ឆេះម៉ត់ផងដែរ។
នៅក្នុងហេតុការនោះដែរ គេឃើញកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងនគរបាលចុះទៅអន្តរាគមន៍ភ្លាមៗ ដោយបិទចរាចរនៅតំបន់នោះ ទាំងស្រុង បង្ការគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ជាទិន្នភាពទូទៅ គេឃើញនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចកើតហេតុ មានការកកស្ទះចរាចរទាំងទៅទាំងមក។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ វាឋិតនៅឆ្ងាយពីរថយន្តក្រុមពន្លត់អគ្គិភ័យរបស់ខេត្ត ដែលធ្វើឲ្យអន្តរាគមន៍មានការយឺតយ៉ាវ ដោយផ្លូវមានចម្ងាយ ដែលធ្វើរថយន្តដឹងប្រេងត្រូវឆេះខ្ទេចទាំងស្រុង។
លោកមេបញ្ជាការកងរាជអាវុធហត្ថប្រចាំមូលដ្ឋានស្រុកកំពង់សិលា លោក មាន រិទ្ធបញ្ជាក់ថា រយៈពេលជិត ២ម៉ោង រថយន្តនោះត្រូវបានរលត់ទាំងស្រុង ដោយមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យខេត្តមកដល់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមកពីរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុន តេលា បានបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ជារើយៗគេសង្កេតឃើញ ក្រុមអ្នកបើករថយន្តធំៗនៅលើកំណាត់ផ្លូវជាតិលេខ៤នេះ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បើកប្រជែងគេឯង និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃជាញឹកញាប់។
លោក មាន រិទ្ធមេបញ្ជាការមូលដ្ឋានប្រចាំស្រុកកំពង់សិលាបាន ឲ្យដឹងថា មានបុរសម្នាក់ជាម្ចាស់ផ្ទះដែលនៅជាប់ផ្លូវជាតិលេខ៤ កន្លែងរថយន្តផ្ទុះឆេះ បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកប្រេងតេលា និងរថយន្តកុងតឺន័របុកប៉ះគ្នាបង្កើតជាអគ្គិភ័យ នៅស្ពានក្អោង ផ្លូវជាតិលេខ៤ជិតសាលាឃុំចំការហ្លួង កាលពីម៉ោងជិត១០កន្លះព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៦នេះ។
គិតមកត្រឹមរសៀលថ្ងៃ២៦ឧសភានេះ ភ្លើងឆេះរថយន្តបានរលត់ទាំងស្រុងហើយ ដែលធ្វើឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត ហើយចរាចរនៅចំណុចកើតហេតុបានបើកដំណើរការឡើងវិញហើយដែរ ៕
មតិយោបល់