ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចុះសាកសួរសុខទុក្ខកម្មករ កម្មការនី ដែលរងរបួសធ្ងន់ស្រាលចំនួន ៧១នាក់ និងស្លាប់២នាក់នៅមន្ទីពេទ្យខេត្ត មន្ទីរពេទ្យប្រសូត្រ និងមន្ទីពេទ្យជីភូ។ ការចុះទៅសាកសួរសុខនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
លោក ម៉ែន វិបុល បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលដល់កម្មករ កម្មការនី ដែលរងគ្រោះថ្នាក់ចរាចរណ៍ ឲ្យឆាប់ជាសះស្បើយ ដើម្បីបានចូលធ្វើការងារវិញ។
ថវិកាដែលនាំទៅចែកដល់កម្មករនោះមានថវិកា លោកស្រី ម៉ែន សំអន ១០ម៉ឺនរៀល កាកបាទក្រហមខេត្ត២០ម៉ឺនរៀល សាលាខេត្ត១០ម៉ឺនរៀល និងលោក ស្រី ឈុនសារឹមតំណាងរាស្ត្រ cpp ខេត្តស្វាយរៀង៤ម៉ឺនរៀល។
គួររំលឹកថា នៅវេលាម៉ោង៦និង៣០ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលៀបឃុំកណ្តៀងរាយ ស្រុកស្វាយទាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ១ រវាងម៉ូតូនិងរថយន្ត បានបណ្តាលឲ្យយុវជន២នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងកម្មករប្រមាណ ៧១នាក់ រងរបួសធ្ងន់ស្រាល ដោយជិះម៉ូតូបុកជាមួយរថយន្តដឹកកម្មករធ្វើការវេនយប់។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុឡើងគេឃើញរថយន្តមួយគ្រឿងដឹកកម្មកររោងចក្រវេនយប់ បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់ បើកបញ្ច្រាសទិសគ្នា ស្រាប់រេចង្កូត បុករថយន្តពេញទំហឹង ប៉ើងខ្ចាត់ជិត ១០ម៉ែត្រ បែកក្បាលហូឈាមស្លាប់ភ្លាមៗទាំងពីរនាក់តែម្តង ចំណែករថយន្តក្រឡាប់ចាក់កម្មករលើថ្នល់សន្លប់រណូករណែល ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត នៅពេទ្យជីភូ និងប្រសូត្រ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមកអន្តរាគមន៍ធ្វើការវាស់វែង និងយករថយន្ត ម៉ូតូទៅអធិកាដ្ឋានស្រុកស្វាយទាបរងចាំធ្វើការដោះស្រាយនាពេលក្រោយ។
ជនរងគ្រោះទាំងពីរនាក់មិនទាន់ស្គាល់ឈ្មោះនោះទេ ប៉ុន្តែមានអ្នកដំណើរស្គាល់ថារស់នៅឃុំគោកព្រឹងស្រុកស្វាយជ្រំ៕
មតិយោបល់