ព័ត៌មានជាតិ

ឃាត់បានរថយន្តបាឡែន ដឹកសាច់សត្វព្រៃមួយគ្រឿង ក្នុងក្រុងក្រចេះ

ក្រចេះ: កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសខេត្តក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ឹម ប៊ុនធឿន នាយរងការិយាល័យ ប្រឆាំងបទល្មើសខេត្ត សហការជាមួយ សង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែ ចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃមួយគ្រឿង ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។

លោក អ៊ឹម ប៊ុនធឿន បានឲ្យដឹងថា ករណីចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃខាងលើនេះ សមត្ថកិច្ច គឺបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា១១យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ 7A ត្រង់ចំណុចផ្លូវបំបែកកែងខ្លាស្ទុះ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ក្រោយពេលដែលសមត្ថកិច្ច បង្ក្រាបបាន រថយន្តរួមនឹងវត្ថុតាង ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីឆែកឆេរនិងត្រួតពិនិត្យ ដោយមានការសម្របសម្រួលពីលោក នុត វិនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៦ឧសភានេះ ។

លោកបានបន្តថា ក្នុងការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសាច់សត្វព្រៃខុសច្បាប់សរុប ៨៥គីឡូក្រាម ក្នុងនោះប្រភេទសាច់សត្វឈ្លូស៥៧គីឡូ និងសាច់សត្វជ្រូកព្រៃចំនួន២៨គីឡូ។

វត្ថុតាងត្រូវបានសមត្ថកិច្ចកម្ទេចចោល ចំណែកឯរថយន្តដឹកបទល្មើស គឺរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីឲ្យម្ចាស់បទល្មើសចូលខ្លួនមកធ្វើការផាកពិន័យទៅតាមច្បាប់៕

photo_2016-05-26_12-24-33

photo_2016-05-26_12-24-31

មតិយោបល់