ភ្នំពេញៈ ចំនួនជនពិការ ដែលបានដាក់ពាក្យចូលបម្រើការងារក្នុងវិស័យរដ្ឋ កំពុងមានការថយចុះ ខណៈដែលចំនួនមន្ត្រីរាជការ ដែលមានកាយសម្បទាគ្រប់គ្រាន់បានកើនខ្ពស់នៅក្នុងឆ្នាំ២០១៦នេះ។
ការធ្លាក់ចុះនូវចំនួនពាក្យសុំចូលបម្រើការងាររបស់ជនពិការនៅក្នុងស្ថាប័នរដ្ឋនាពេលនេះ បានធ្វើឲ្យមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ទៅលើភាពរើសអើងនៃការជ្រើសរើសជនពិការឲ្យចូលបម្រើការងារនៅក្នុងវិស័យនេះ ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្រាយបំភ្លឺជុំវិញរឿងនេះ ដោយបញ្ជាក់ថា វាបណ្តាលមកពីជនពិការមិនបានដាក់ពាក្យចូលមក ហើយចំនួនមន្ត្រីដែលមិនពិការមានចំនួនច្រើនលើសពីផែនការ។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា ក្នុងឆ្នាំ២០១៦នេះ ជនពិការមិនបានដាក់ពាក្យស្នើសុំការងារនោះទេ ហើយមន្ត្រីដែលមិនមែនពិការ មានចំនួនកើនឡើងច្រើន ដូច្នេះនៅពេលបូកសរុបតួលេខឡើងវិញ ចំនួនជនពិការត្រូវថយ មិនត្រឹមតែមិនគ្រប់នៅតាមស្ថាប័នរដ្ឋទេ ប៉ុន្តែវាត្រូវថយចំនួនទៅវិញ។
លោក ឯម ច័ន្ទមករា បានពន្យល់ថា “កន្លងមក រាជរដ្ឋាភិបាល ក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ តែងតែជំរុញឲ្យគ្រប់ស្ថាប័នក្រសួងទាំងអស់ ត្រូវជ្រើសរើសជនពិការឲ្យបាន២% ទៅតាមអត្រាកំណត់ ប៉ុន្តែរយៈកាលកន្លងមកនេះ អត្រាជ្រើសរើសជនពិការនៅតាមស្ថាប័នរដ្ឋ នៅមិនទាន់គ្រប់ចំនួននៅឡើយទេ ដោយសារតែក្រសួងមួយចំនួន គាត់បានជ្រើសរើសជនពិការគ្រប់អស់ហើយនៅឆ្នាំ២០១៥ រហូតចូលដល់ឆ្នាំ២០១៦នេះ ជនពិការមិនបានដាក់ពាក្យចូលមកទៀតទេ ហើយមន្ត្រីដែលមិនមែនពិការមានចំនួនកើនឡើងច្រើន ដូច្នេះនៅពេលយើងបូកសរុបចំនួននេះឡើងវិញ វាបែរជាថយ មិនត្រឹមតែមិនគ្រប់ទេ គឺត្រូវថយទៅវិញ”។
លោកបន្តថា កាលពីឆ្នាំមុន ចំនួនជនពិការមកដាក់ពាក្យសុំបម្រើការងារមានចំនួនច្រើនលើស ស្រាប់តែដល់ពេលនេះ វាត្រូវថយទៅវិញ ដូច្នេះនៅពេលមានការបូកសរុបទាំង៤០ស្ថាប័នរដ្ឋ គឺលទ្ធផលពីក្រសួងនីមួយៗ មានលក្ខណៈផ្សេងៗគ្នា ដោយមួយចំនួនរើសបានពេញលេញ មួយចំនួនទៀតមិនទាន់គ្រប់ មួយចំនួនទៀតវាលើសផែនការ។
សូមបញ្ជាក់ថា អត្រាជនពិការក្នុងពេលបច្ចុប្បន្ន មានការកើនឡើង២,២៦% នៅឆ្នាំ២០១៥ ដែលកើនមកដល់១,៦៧% ក្នុងឆ្នាំ២០១៦៕
មតិយោបល់