ភ្នំពេញៈ សំរាមត្រូវបានគេចាត់ទុកជាបញ្ហាចម្បងមួយនៅចំពោះមុខ ដែលត្រូវទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី និងមានយន្តការចាំបាច់ជាបន្តបន្ទាន់ ត្រូវដោះស្រាយជាប្រចាំ ពោលគឺគោលនយោបាយនានា ដើម្បីគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងប្រទេសកម្ពុជា។
កន្លងមក រាជរដ្ឋាភិបាលបានសហការជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូរពាក់ព័ន្ធ ពិសេសសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមជំនួយពីមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា បានធ្វើការស្ទង់មតិស្តីពីកិច្ចការគ្រប់គ្រងសំរាម សំណល់រឹងជាមួយរដ្ឋបាលក្រុង ស្រុកមួយចំនួន ក្នុងន័យចងក្រងជាឯកសារសិក្សាអំពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិ បាន និងកំពុងជួបប្រទះក្នុងការគ្រប់គ្រងបញ្ហាខាងលើនេះ។
លោក រ៉េណេ ហ្រ្កាដវ៉ូល តំណាងមូលនិធិខុនរ៉ាដ ប្រចាំកម្ពុជា បានលើកឡើងថា ការស្ទង់មតិ ជាឧបករណ៍សំខាន់មួយសម្រាប់បណ្តាអ្នកបង្កើតគោលនយោបាយទាំងឡាយ ក្នុងន័យលើកកម្ពស់ការងារបង្កើតគោលនយោបាយគ្រប់គ្រងសំរាម-សំណល់រឹងឲ្យសមស្របទៅនឹងតម្រូវការពលរដ្ឋមូលដ្ឋាន។ លើសពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចនឹងមានឱកាសស្វែងយល់បន្ថែមអំពីការអនុវត្តបានល្អលើការងារគ្រប់គ្រងសំរាមសំណល់រឹងពីបណ្តាក្រុង ស្រុក ផ្សេងៗទៀត តាមរយៈលទ្ធផលនានាដែលទទួលបានពីការស្ទង់មតិមួយនេះ។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់(NLCS) បានបញ្ជាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលនៃការស្ទង់មតិ អំពីការអនុវត្តការគ្រប់គ្រងសំរាម-សំណល់រឹង ដោយរដ្ឋបាលក្រុង-ស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា “គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ លទ្ធផលនៃការស្ទង់មតិនេះ ទៅកាន់រដ្ឋបាលក្រុងស្រុក ស្តីពីបញ្ហាប្រឈមនានា នៃការគ្រប់គ្រងសំរាម និងសំណល់នៅតាមថ្នាក់មូលដ្ឋាន ក៏ដូចជាផ្តល់ឱកាសឲ្យរដ្ឋបាលនេះ បានរៀនសូត្របន្ថែមពីការអនុវត្តលើការគ្រប់គ្រងសំរាម-សំណល់រឹងនៅតាមមូលដ្ឋាន”។
លោក ប៉ុក សុគន្ធដារ៉ា អគ្គលេខាធិការ NLCS បានឲ្យដឹងថា បើទោះជារាជរដ្ឋាភិបាល បានផ្ទេរកញ្ចប់ថវិកាប្រមាណ៥លានដុល្លារ ក្នុងការអនុវត្តន៍ការគ្រប់គ្រងសំរាម-សំណល់រឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤៦ក្រុងស្រុកក៏ដោយ ក៏ការអនុវត្តនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ពិសេសការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ស្រទាប់ប្រជាជន និងផ្តើមចេញកុមារតូចៗឡើងទៅ ហើយការបណ្តុះបណ្តាលនេះត្រូវធ្វើជាបន្តបន្ទាប់ និងយូរអង្វែង។
លោកបញ្ជាក់ថា នេះអាចនិយាយបានថា ជាការចាប់ផ្តើមលើការអនុវត្តបទដ្ឋានគតិយុត្តិទាំងឡាយដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម អ្វីដែលយើងត្រូវការចាំបាច់នោះ គឺការបង្កើនសមត្ថភាពធនធានមនុស្សនៅតាមមូលដ្ឋានឲ្យមានកាន់តែច្រើន និងប្រមូលបទពិសោធន៍ពីប្រទេសជិតខាងដែលគេធ្វើបានជោគជ័យមកបង្ហាត់បង្ហាញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើសម្រង់ព័ត៌មានឲ្យបានជាក់លាក់ពីចំនួនសំរាមនៅក្នុងទីប្រជុំជន និងមូលដ្ឋានដែលពួកគាត់គ្រប់គ្រង៕
មតិយោបល់