ព័ត៌មានជាតិ

តុលាការកាត់ទោស បុរសម្នាក់ដែលយកឈ្មោះកូនប្រុស នាយករដ្ឋមន្ត្រីដើរបោកលុយរាស្ត្រ

ភ្នំពេញ: ទីបំផុតទៅបុរសម្នាក់ដែលហ៊ានយកឈ្មោះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ កាលពីអំឡុងឆ្នាំ ២០១៦នោះ ត្រូវតុលាការយកមកកាត់ទោសហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។

សវនាការនាព្រឹកនេះមានលោក ស្វាយ តុញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ ដោយបានចោទប្រកាន់ជនជាប់ចោទឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងទីលំនៅមុនពេលចាប់ខ្លួន ផ្ទះជួលផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទ ឆបោក បទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទ ក្លែងឯកសារសាធារណ: និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណ: ប្រព្រឹត្តអំឡុងឆ្នាំ២០១៦ យោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៤៩០ មាត្រា ៦២៩ និងមាត្រា ៦១២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឈ្មោះលោក ហ៊ុន ម៉ាណែត ដើរបោកប្រាស់ ពលរដ្ឋដែលចង់ចូលធ្វើជាទាហានមែន។ ខ្លួនបានដើរបោកគេថា ខ្លួនមានតួនាទីជា ឧត្តមសេនីយ៍ទោ អនុប្រធានទី២ នៃអង្គភាពចារកម្មពិសេស ដែលមានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន។ បើប្រជាពលរដ្ឋណាចង់ចូលបម្រើការនៅទីនោះ ខ្លួនអាចជួយបាន។ ជនជាប់ចោទ បញ្ជាក់ថា ខ្លួនបានឆបោកបាន មនុស្សចំនួន ២០នាក់ ចន្លោះទឹកប្រាក់ពី ៦០០ដុល្លារ ទៅ៣០០០ដុល្លារ ទៅតាមតួនាទី ដែលពួកគេចង់បាន។

គួររំលឹកថា ជនជាប់ចោទឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ដោយដកហូតបាន៖

១. អាវុធខ្លី០១ដើមម៉ាក CF 98 លេខ ៥៥៥៥ បង់០១ គ្រាប់១៥គ្រាប់ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
២. អត្តសញ្ញាណប័ណ្ណ០១សន្លឹក ឈ្មោះ ទូច សេង និងប័ណ្ណបើកបរ០១សន្លឹក
៣. លិខិតឆ្លងដែន០១ក្បាល
៤. អត្តសញ្ញាណប័ណ្ណឈ្មោះ ងួន សេងសត្យា០១សន្លឹក
៥. កាត ATM ធនាគារកាណាឌីយ៉ា ០១សន្លឹក
៦. ប័ណ្ណសម្គាល់សមាជិក០១សន្លឹក
៧. កាបូបដៃពណ៌សូកូឡា០១ (ប្រាក់ដុល្លារអាមេរិក១០ដុល្លារ ប្រាក់រៀល ១០១០០រៀល)
៨. ទូរសព្ទដៃ០១គ្រឿងម៉ាក ណូគា ពណ៌ក្រហម លេខ ០៩៣ ៦០៥ ២១៩
៩. ទូរសព្ទដៃ០១គ្រឿងម៉ាក ហ៊ូវ៉េយ លេខ ០៩៧ ៧៣៣៣ ២៧៩
១០. ខ្សែដៃលោហ:ធាតុពណ៌លឿង០១ខ្សែ
១១. រចនាសម្ព័ន្ធអង្គភាពចារកម្មពិសេស០២ផ្ទាំង (ពីរផ្ទាំង)
១២. កុំព្យូទ័រយួរដៃ០១គ្រឿងម៉ាក Dell ពណ៌ខ្មៅ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
១៣. មួកថ្នាក់ឧត្តមសេនីយ៍ចំនួន០២មួក
១៤. ត្រាឈ្មោះ ងួន សេងសត្យា ថ្នាក់ឧត្តមសេនីយ៍ចំនួន០១
១៥. ឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោចំនួន០១គូ
១៦. ស្លាកឈ្មោះ ឧ. ងួន សេងសត្យា ចំនួន០២
១៧. ខ្សែហ៊ូវ័ន្តពាក់ឈាង០១ខ្សែ ពណ៌លឿង
១៨. ឯកសណ្ឋានត្រេអ៊ី (អាវដៃខ្លី០៣ .ខោ០២)
១៩. ឯកសណ្ឋានឈុតខ្មៅ (អាវ០៣ .ខោ០២)
២០. ឯកសណ្ឋានត្រេអ៊ីក្រឡាការ៉ូ០១កំប្លេរ
២១. ឯកសណ្ឋានប៉ារ៉ា០២កំប្លេរ។
២២. រូបថតឯកសណ្ឋាន ពាក់ស័ក្តិឧត្តមសេនីយ៍យោធា០១សន្លឹក។
២៣. ម៉ូកប៉េរ៉េចំនួន០១ ពណ៌ស្លែ។
២៤. បញ្ជីឈ្មោះពាក់ព័ន្ធការជ្រើសរើសទ័ព និងបញ្ចូលក្របខ័ណ្ឌនាយទាហាន ពលទាហានថ្មី (ក្លែងកា្លយ) មួយចំនួន។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវបានតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខវិញ៕

//youtu.be/6ObjXj29Szo

មតិយោបល់