ព័ត៌មានជាតិ

កុំខូចពេកប្រុសព្រាន! កម្មការិនីរោងពុម្ព៤នាក់នាំគ្នាប្តឹងបុរសចិនម្នាក់ថាបានបៀតបៀនកេរ្ត៍ខ្មាសមកលើខ្លួន

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងកម្មការិនីរោងចក្របោះពុម្ពយីហោ ធៀន អ៊ី ដោយចោទប្រកាន់ថា បានបៀតបៀនកេរ្តិ៍ខ្មាស បបួលទៅគេងជាមួយ ថ្នូរនិងប្រាក់ម្ដង១០០ដុល្លារ។ ហើយការបៀតបៀននៅតែកើតឡើងជាច្រើនលើកច្រើនសារ ទើបទ្រាំលែងបានក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយឃាត់ខ្លួនជនជាតិចិនម្នាក់តែម្តង។

ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្របោះពុម្ព ធៀន អ៊ី ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះJin Xuon Ding ហៅ ឡៅ កឺ អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកគ្រប់គ្រង រោងចក្របោះពុម្ព ស្នាក់នៅក្នុងរោងចក្រខាងលើ។

ចំណែកកម្មការិនីរងគ្រោះ ទី១ឈ្មោះ ច.ម អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពោវាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ,ទី២ឈ្មោះ វ.ឡ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,ទី៣ឈ្មោះ ហ.ម.ល.ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,ទី៤ឈ្មោះ ទ.ស.ភ.ក អាយុ១៨ឆ្នាំ ពួកនាងទាំង៤នាក់នោះស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែររោងចក្របោះពុម្ពនោះដែរ។

តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនជាតិចិនខាងលើ បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ពួកគេជាបន្តបន្ទាប់ ខណៈដែលកំពុងធ្វើការងារ ជនសង្ស័យបានដើរទៅជិតរួចបានលូកចាប់ស្ទាបច្របាច់គូទ និងសុដនជាបន្តបន្ទាប់។ ហើយបាននិយាយបបួលពួកគេឲ្យទៅដេកជាមួយ ដោយថានិងឲ្យប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែពួកគេមិនដែលយល់ព្រមនោះឡើយ ហើយក៏ធ្លាប់ស្ដីឲ្យជនសង្ស័យផងដែរ ប៉ុន្តែទោះជាបែបណាជនជាតិចិនខាងលើមិនព្រមឈប់ឡើយ គឺនៅតែប្រព្រឹត្តរឿងដដែលមកលើពួកនាងទ្រាំលែងបានក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង ឲ្យនគរបាលជួយរកយុត្តិធម៌ឲ្យពួកនាង ប៉ុន្តែពេលនេះពួកនាងមិនទាន់ដឹងថា នគរបាលចាត់ការទៅលើជនសង្ស័យបែបណានៅឡើយទេ ព្រោះជនសង្ស័យមានខ្នងអ្នកធំផង៕

មតិយោបល់