កំពង់ស្ពឺៈ ជនសង្ស័យជាស្ត្រីចិត្តខ្មៅម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅដល់ការចាប់ឃាត់ខ្លួនបានហើយ ក្រោយពីស្រ្តីសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់ជំរិតក្មេងស្រីសិស្សសាលាម្នាក់ចេញពីខេត្តកំពង់ស្ពឺ យកទៅលាក់ទុកនៅផ្ទះសំណាក់មួយកន្លែង ដើម្បីជំរិតទារប្រាក់ចំនួន៤០០០ដុល្លារ ជាថ្នូរនឹងការដោះលែងក្មេងស្រីខាងលើមកវិញ។
ប្រតិបត្តិការឡោមព័ទ្ធបង្ក្រាបស្ត្រីជាជនសង្ស័យចាប់ជំរិតក្មេងខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលស្ត្រីសង្ស័យរូបនេះ បានមកកន្លែងផ្ទះវីងវេលុយដែលក្រុមគ្រួសារក្មេងស្រីបានវេលុយចំនួន៤០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។
គួរបញ្ជាក់បន្ថែមថា ស្ត្រីជាជនសង្ស័យខាងលើនេះបានចាប់ជំរិតក្មេងស្រីខាងលើ ចេញពីសាលារៀនក្នុងភូមិព្រែតាមួច ឃុំស្នំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយមកសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនស្ត្រីសង្ស័យខាងលើនេះបាន នៅផ្ទះវីងវេលុយក្នុងទីរួមខេត្តកំពង់ឆ្នាំងតែម្តង។
បញ្ជាក់ទៀតថា កូនតូចដែលស្រ្តីកាន់ គឺជាកូនបង្កើតរបស់គាត់។ រីឯក្មេងស្រីដែលឈរពាក់អាវស គឺជាជនរងគ្រោះដែលស្រ្តីរូបនេះចាប់មកពីខេត្តកំពង់ស្ពឺ។ សូមរំលឹកទៀតថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ បានប្រកាសលេខទូរសព្ទ២ខ្សែ រួមមានលេខ 031 201 2345, 031 601 2345 សម្រាប់ប្រជាពលរដ្ឋណាដែលបានដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាល ផ្ទាល់ ក្នុងករណីបាត់ក្មេងសម្រាប់ទាក់ទងមកសមត្ថកិច្ចជំនាញ ក្រោយពីសង្កេតឃើញថា មួយរយ:ចុងក្រោយនេះមានការបាត់ក្មេងជាញឹកញាប់ ខ្លះតាមសាលារៀន និងតាមទីសាធារណ:ផ្សេងៗ៕
មតិយោបល់