ភ្នំពេញៈ បុរសម្នាក់បានបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ក្នុងស្ថានភាពស្រវឹងស្រាបោះពួយក្នុងល្បឿនលឿន បានវាក់ជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីស្មាស់កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដួលបោក ទៅលើថ្នល់របួសធ្ងន់ខ្លួនឯងសន្លប់បាត់ស្មារតី និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ចំណែកស្រ្តីអ្នកបើកបរម៉ូតូស្មាស់ រងរបួសស្រាលប៉ុណ្ណោះ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចច្រកចូលអាកាសយានដ្ឋានទ័ពអាកាស ស្ថិតនៅក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលរបួសធ្ងន់សន្លប់ឈឹងនោះ មិនត្រូវបានគេឈ្មោះនោះឡើយ គាត់បានជិះ ម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-7456 ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1AS-4129 បើកបរដោយស្រ្តីម្នាក់ ហើយក៏មិនត្រូវបានគេស្គាល់ ឈ្មោះដូចគ្នាដែរ រងរបួសស្រាលប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បានបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវតែម្នាក់ឯងក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងផងដែរ ពីទិសខាងត្បូងទៅទិសខាងជើងលុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយ ម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ដែលបើកបរដោយស្រ្តីម្នាក់កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកទៅលើ ថ្នល់របួសធ្ងន់ខ្លួនឯង សន្លប់បាត់ស្មារតីស្ដូកស្ដឹងតែម្ដង។ចំណែកស្រ្តីអ្នកជិះម៉ូតូស្មាស់រងរបួសស្រាល ហើយក្រោយពេលកើតហេតុ បុរសនោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយតំណាងភាគីទាំង២ បានទៅធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះ៕
មតិយោបល់