ព័ត៌មានជាតិ

បុរសចិត្តសឿង ផឹកស្រាស្រវឹងចូលផ្ទះបំផ្លាញទ្រព្យសម្បត្តិហើយ រួចរកវាយកាប់អ្នកផ្ទះទៀត!

កណ្តាលៈ ករណីអំពើហិង្សាក្នុងគ្រួសារ បង្កឲ្យមានការកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងស្រែកគម្រាមរកកាប់សមាជិកគ្រួសាទៀតផង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំនុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៉ូ ប៊ុនធឿន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាម្តាយបង្កើតជនបង្កហេតុ)។ ចំណែកជនបង្កហេតុមានឈ្មោះណុច សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានមុខរបរជាងដែក មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាកូនបង្កើតជនរងគ្រោះ (ឃាត់ខ្លួន)។

សម្ភារៈខូចខាតមាន ទូរទស្សន៍ចំនួន១គ្រឿងម៉ាកសូនី២១អ៊ីញ ពណ៌ខ្មៅនិងក្រហម កង្ហារចំនួន១ និងធុងទឹកកកចំនួន១។ វត្ថុតាងចាប់យករួមមាន ទូរទស្សន៍ខូចខាតចំនួន១គ្រឿង កង្ហារខូចខាតចំនួន១ធុងទឹកកកខូចខាតចំនួន១ កាំបិតផ្គាក់ចំនួនម១ និងកាំបិតបុ័ងតោចំនួន១ផងដែរ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើជនបង្កហេតុឈ្មោះណុច សុភ័ក្រ បានផឹកស្រាស្រវឹងស្រែកឡូឡាបើកទូរទស្សន៍លឺខ្លាំងៗ ពេលនោះឈ្មោះ ណុច សុភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតបានប្រាប់ថាគិតតែផឹកស្រវឹងឡូឡាអត់គិតរកស៊ីជំពាក់លុយគេបានអីសងគេ។ ភ្លាមនោះឈ្មោះណុច សុភ័ក្របានស្រែកគំរាមរួចយកាំបិតផ្គាក់កាប់ទូរទស្សន៍ដែលទុកលើតុ រួចលើកបោះមកដី កាប់កង្ហារនិងកាប់ធុងទឹកកកបណ្តាលឲ្យខូចខាត បន្ទាប់មកឈ្មោះណុច សុភ័ក្រ បានកាន់កាំបិតបុ័ងតោមួយនៅដៃស្រែកគំរាមថា អញនឹងកាប់សម្លាប់ចោលទាំងអស់អាណាហ៊ានឡើងមក លើផ្ទះ។

បន្ទាប់មកឈ្មោះប៉ូ ប៊ុនធឿន ក៏បានប្តឹងឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលស្អាងភ្នំ ដើម្បីធ្វើការរសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់