ព័ត៌មានបច្ចេកវិទ្យា

iOS 10.3.3 មានបន្ថែមមុខងារសម្ងាត់ធំមួយដែលអ្នកប្រើ iPhone គួរតែ Update

លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ប្រហែលជាមិនធ្លាប់ដឹងទេថា ទូរសព្ទដៃដែលខ្លួនកំពុងកាន់មានបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយ ដែលក្រុមហ៊ុន Apple បានព្យាយាមដោះស្រាយជាយូរមកហើយ។

បញ្ហាមួយនោះគឺ ប្រព័ន្ធ iOS 10 បានបន្សល់ទុកនៅចន្លោះប្រហោងមួយដែលអាចអនុញ្ញាតឱ្យពួក Hacker ឬចោរព័ត៌មានវិទ្យា ចូលទៅគ្រប់គ្រងបញ្ជាបានទាំងស្រុកលើទូរសព្ទ iPhone តាមប្រព័ន្ធ WiFi។

ពួកវាអាចប្រើនូវវិធីមួយដែលមានឈ្មោះថា Broadpwn ដើម្បីចូលលុកលុយក្នុងបន្ទះឈីប WiFi របស់ក្រុមហ៊ុន Broadcom ម៉ូឌែល BCM4354, 4358, និង 4359 ដែលត្រូវបានយកទៅបំពាក់ឱ្យទូរសព្ទដៃ iPhone ភាគច្រើនលើសលុប ពោលគឺ លើកលែងតែទូរសព្ទ iPhone 7 និង iPhone 7 Plus មួយចំនួនប៉ុណ្ណោះ។

ដោយមើលឃើញដូច្នេះហើយ ទើប Apple ធ្វើការបិទផ្ទប់ចន្លោះប្រយោងនោះ តាមរយៈប្រព័ន្ធ iOS 10.3.3 ដែលជាកំណែចុងក្រោយបង្អស់ និងទើបបើក ឱ្យទាញយក និងធ្វើបច្ចុប្បនភាពដោយសេរីតាមទូរសព្ទ iPhone

យ៉ាងណាមិញ ចំពោះ iPhone ស៊េរី 3GS, 4 និង 4S ដែលប្រើប្រាស់បន្ទះឈីប WiFi ស៊េរី BCM4325, 4329, និង 4330 នឹងមិនទទួលបានមុខងារការពារប្រព័ន្ធសុវត្ថិភាពជាសម្ងាត់នេះនោះទេ។

ដូច្នេះ សម្រាប់អ្នកដែលមិនទាន់ Update ប្រព័ន្ធ iOS លើទូរសព្ទរបស់ខ្លួនឱ្យឡើងដល់ជំនាន់ 10.3.3 នេះ គួរតែប្រញ៉ាប់ធ្វើវាភ្លាមទៅ បើសិនបារម្ភពីបញ្ហា លួចទិន្នន័យពីពួក Hacker ដោយសម្ងាត់តាមប្រព័ន្ធ WiFi៕

ប្រភពព័ត៌មានៈ forbes

មតិយោបល់