ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសក្រុមចោរប្លន់ប្រុសស្រី៦នាក់ សរុប៩ករណី ដាក់គុកចាប់ពីជាង១០០ទៅ២០០ឆ្នាំ

ភ្នំពេញ: នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ ចន្លោះពី១០៨ឆ្នាំ ទៅដល់ ១៣៨ឆ្នាំ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងបាញ់សម្លាប់ជនរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦លើក។

តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ៦នាក់ ដូចតទៅ៖

-ទី១មានឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង ភេទប្រុស អាយុ ២២ឆ្នាំ ជាប់ពន្ធនាគារ សរុប១៣៨ឆ្នាំ

-ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ១៨ឆ្នាំ,ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ អេង អារីពីន ភេទប្រុស ដាក់ពន្ធនាគារ សរុបក្នុងម្នាក់ៗ ១២០ឆ្នាំ

-ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងទី៦ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ២១ឆ្នាំដាក់ពន្ធនាគារសរុបក្នុងម្នាក់ៗ ១០៨ឆ្នាំ។

ក្រោមបទចោទប្រកាន់ លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទមិនរាងចាល ប្រព្រឹត្តនៅរាជធានីភ្នពេញ អំឡុងឆ្នាំ២០១៥បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៨៣ មាត្រា ៨៤ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និង មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានផ្តន្ទាទោសជនជាប់ចោទទាំង៦នាក់ លើករណីប្លន់ប្រដាប់អាវុធ ចំនួន ៣លើក ដូចតទៅ៖

-ទី១មានឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង ភេទប្រុស អាយុ២២ឆ្នាំ ជាប់ពន្ធនាគារ សរុប៧៣ឆ្នាំ

-ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ១៨ឆ្នាំ,ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ អេង អារីពីន ភេទប្រុស ដាក់ពន្ធនាគារ សរុបក្នុងម្នាក់ៗ៦៥ឆ្នាំ

-ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងទី៦ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារសរុបក្នុងម្នាក់ៗ៥៦ឆ្នាំ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទទាំងអស់សុទ្ធតែឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្ត ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕

//youtu.be/ztxGxgfaCa8

មតិយោបល់