ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស មន្ត្រីនគរបាលស័ក្តិ១ម្នាក់ ដែលបានបាញ់សម្លាប់មេភូមិ កូនប្រុស និងក្មួយប្រុស នៅសង្កាត់ទួលស្វាយព្រៃ១ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ។
បើតាមមន្ត្រីតុលាការ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ កែវ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលស័ក្តិ១ ក្រសួងមហាផ្ទៃ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២២C ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បទល្មើសដែលមានចែងឲ្យយផ្តន្ទាទោសតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចំណែកឯជនរងគ្រោះមានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ ជុប ឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជាមេភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ទី២-ឈ្មោះ ឡាយ ឫទ្ធី អាយុ៣០ឆ្នាំ ជាកូនប្រុស ជនរងគ្រោះទី១ និងទី៣-ឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ ជាក្មួយប្រុសជនរងគ្រោះទី១។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ពិរុទ្ធឈ្មោះ កែវ សុវណ្ណរិទ្ធិ បានសារភាពថា ខ្លួនពិតជាបានបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះតែការពារខ្លួននៅពេលដែលជនរងគ្រោះទាំង ៣នាក់ព្យាយាមដេញកាប់មកលើខ្លួនមុន។
ពិរុទ្ធជនរូបនេះ បានបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជុប ឡាយ បានទៅទារលុយថ្លៃអំពូលភ្លើងពីខ្លួន ទើបឈានដល់ការទាស់សម្ដីគ្នា។ បន្ទាប់មកក៏បានធ្វើការសម្របសម្រួលគ្នា ទើបលោកមេភូមិ កូនប្រុស និងក្មួយប្រុសម្នាក់ទៀតក៏បានដើរចេញពីកន្លែងកើតហេតុ។ ប៉ុន្តែប្រហែលជា២០នាទី ក្រោយមកមិនដឹងយ៉ាងម៉េច ក៏ស្រាប់តែកូនមេភូមិ៤រូបនេះ បានយកដាវចំនួនពីរដើមមកកាប់ខ្លួន ទើបខ្លួនបានរត់ទៅយកកាំភ្លើងខ្លី ១ ដើមម៉ាក ប៉េអាតា មកបាញ់លើជនរងគ្រោះ ដើម្បីការពារខ្លួនតែម្តងទៅ ប៉ុន្តែជាអកុសលជនរងគ្រោះទាំង៣នាក់ បានស្លាប់ទាំងអស់៕
មតិយោបល់