កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស៊ីទែនម៉ាស៊ូតរបស់ក្រុមហ៊ុន LHR បុកនិងកិនម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩៥-៨៦ ត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុ គេឃើញមានរថយន្តស៊ីទែនម៉ាស៊ូត១គ្រឿង ម៉ាកភិធ័រឡាយ ពណ៌ស លាយខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-4821 អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេចបាត់)ជារបស់ក្រុមហ៊ុន LHR ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក សេ១២៥ ស៊េរីឆ្នាំ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-3775 ជិះដោយឈ្មោះ ឆោម បូរិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចំការចេក ឃុំត្រយឹង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ដោយរថយន្តកិនខ្ទេចក្បាលស្លាប់នៅនឹងកន្លែងតែម្តង ហើយរថយន្តក៏ក្រឡាប់ធ្លាក់ផ្លូវរងការខូចខាត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកំណត់ហេតុ នឹងនាំយករថយន្តនិងម៉ូតូមករក្សាទុក ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់