ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការផ្តន្ទាទោសក្រុមវាយតំណាងរាស្ត្រសង្គ្រោះជាតិ ដាក់ពន្ធនាគារម្នាក់៤ឆ្នាំ តែអនុវត្តទោស១ឆ្នាំ

ភ្នំពេញៈ នៅក្រោយពីចំណាយពេលសវនាការអស់២លើក កាលពីថ្ងៃទី២៨ ខែមេសា និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦កន្លងមក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក ហេង សុខណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមផ្តន្ទោទោសក្រុមជនជាប់ចោទ ដែលវាយអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិ ដូចតទៅ ១ឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ មុខរបរយោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ មុខរបរយោធាបន្ទាយអង្គរក្ស រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ៣ឈ្មោះ សុត វណ្ណ នី អាយុ៤៥ឆ្នាំ យោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកចៅក្រមបញ្ជាក់ថា ដាក់ពន្ធនាគារម្នាក់ កំណត់រយៈពេល៤ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹម១ឆ្នាំ ទោសសល់ត្រូវព្យួធម្មតា ពិន័យជាប្រាក់ចំនួន៦លានរៀលក្នុងម្នាក់ៗចូលថវិការដ្ឋ និងបង្គាប់ឲ្យជនជាប់ចោទទាំង៣នាក់ រួមគ្នាសងជំងឺចិត្តជនរងគ្រោះទាំងពីរនាក់ ចំនួន៨០លានរៀល ក្រោមបទចោទប្រកាន់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រ២១៨ មាត្រា១០៧ និងមាត្រ១០៨ នៃក្រមព្រហ្មទណ្ឌ។ តុលាការបានលើកលែងបទចោទ ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស លើជនជាប់ចោទទាំង៣នាក់ផងដែរ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅគ្រាដែលពួកគេចូលខ្លួនសារភាពទោសកំហុសនៅចំពោះមុខគណៈកម្មការស៊ើបអង្កេតករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះ ២នាក់ ជាតំណាងរស្ត្រគណៈបក្សសង្គ្រោះជាតិ ដែលមាន លោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅមុខវិមានរដ្ឋសភាជាតិ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីពេលកន្លងទៅ ជនជាប់ចោទចំនួន៣នាក់ បានសារភាពថា

-ទី១ ជនជាប់ចោទឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា ដែលបានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តតែមួយបទល្មើសតែប៉ុនណ្ណោះ គឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំណែករឿងធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទោសសូមបដិសេធ។ ពេលថ្ងៃកើតហេតុ ខ្លួនបានឮសូរមានព័ត៌មានមួយមានប្រជាជនជាង៧០០នាក់ មកធ្វើកូដកម្មនៅមុខរដ្ឋសភាជាតិ ហើយពេលនោះខ្លួនក៏បានចេញពីផ្ទះនៅតាខ្មៅ មកភ្នំពេញ ដើម្បីយកព័ត៌មាននៅក្នុងកូដកម្មនោះ តែខ្លួនមិនបានចូលរួមធ្វើកូដកម្មជាមួយគេទេ ដោយគ្រាន់តែបានឈរនៅក្បែលរដ្ឋសភាជាតិ ស្រាប់តែខ្លួនបានឃើញឡានមួយគ្រឿងបើកតាមផ្លូវរបងរដ្ឋសភាជាតិ ហើយបានស្រែកជេរថា ពួកអាយ៉ងយួន ហើយរូបខ្លួនឈរនៅជិតឡានរបស់គាត់ក៏ធ្វើឲ្យមានកំហឹង ក៏បានឈានដល់ការវាយតប់។ ជនជាប់ចោទថា ខ្លួនបានវាយចំមុខជនរងគ្រោះមួយដៃ ហើយបានទាញជនរងគ្រោះទម្លាក់ពីលើរថយន្តព័ណ៌ស រួចបានទាត់ជនរងគ្រោះមួយជើងទៀតរួចក៏បានដើរចេញពីកន្លែងនោះហើយមិនដឹងថា មានគេព្រួតវាយគាត់បន្ថែមទេ។ ក្រោយមកនៅពេលទៅដល់ផ្ទះក៏បានឃើញគេបង្ហោះហ្វេសប៊ុក ទើបដឹងថា ខ្លួនបានវាយតំណាងរាស្រ្ត ទើបខ្លួនបានដឹងពីកំហុស ទើបសម្រេចចូលខ្លួនសារភាពនៅមុខសមត្ថកិច្ចតែម្តង។

-ទី២ ជនជាប់ចោទឈ្មោះ ម៉ៅ ហឿន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរយោធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយតំណាងរាស្ត្រពីររូបពិតមែន ប៉ុន្តែខ្លួនមិនស្គាល់ថា ជាតំណាងរាស្ត្រទេ។ ការវាយនោះ ដោយសារតែខឹងជនរងគ្រោះដៀលជេរថា ពួកអាយ៉ងយួនម៉េច នៅក្នុងរដ្ឋសភាមានយួនមែនបានជាពួកអែងមកធ្វើបាតុកម្ម។ ជនជាប់ចោទពិបទ ខ្លួនបានទាត់តំណាងរាស្ត្រមួយជើង ហើយក៏មានអ្នកស្រែកថា មេវានៅពីខាងក្រោយ ទើបខ្លួនបានរត់ទៅទាត់អ្នកជិះឡាន ក្រោយមួយជើងទៀត និងទាត់ចំពីមុខមួយជើងទៀត ហើយក៏ឮសូរគេស្រែកថា មានគេវាយតំណាងរាស្ត្រ ទើបដឹងថា គាត់ជាតំណាងរាស្រ្តខ្លួនក៏រត់គេចខ្លួនសិនរហូតដល់ថ្ងៃចូលសារភាពនៅមុខសមត្ថកិច្ច។

-ទី៣ ជនជាប់ចោទឈ្មោះ សុត វណ្ណនី ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរយោធា បានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំណែកបទរឿងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទោសសូមបដិសេធ។ ខ្លួនបានស្គាល់ឈ្មោះ ម៉ៅ ហឿន ពីព្រោះនៅអង្គភាពជាមួយគ្នាតែផ្នែកផ្សេងគ្នា។ មុននឹងការវាយតប់នោះខ្លួនបានឃើញរថយន្តព័ណ៌សមួយបើកទៅមុននឹងឃើញរថយន្តព័ណ៌ខ្មៅមួយទៀតមកពីក្រោយហើយស្រែកជេរថា ពួកអាយ៉ងយួនម៉េចរដ្ឋសភាមានយួនមែន ហើយក៏ស្រាប់តែមានមនុស្សស្ទុះទៅវាយគាត់ហើយខ្លួនបានឃើញក៏ចូលទៅឃាត់កុំឲ្យវាយគាត់ស្រាប់តែគាត់ជេរទាំងរូបខ្លួនដែរពេលនោះខ្លួនក៏ខឹងក៏បានវាយជនរងគ្រោះពីរដៃ និងទាត់មួយជើងទៀត ។ ជនជាប់ចោទរូបនេះបាន បដិសេធថា ខ្លួនមិនបានវាយរថយន្តជនរងគ្រោះនោះទេ។

មេធាវីការពារជនរងគ្រោះលោក ជួន ជុងងី ដោយកូនក្តីលោក លោក ញ៉យចំរើន នឹងលោក គង់ សភា បានទាមទារសំណងជំងឺចិត្តពីជនជាប់ចោទទាំងបីនាក់ក្នុងម្នាក់ៗ១០០លានរៀល៕

photo_2016-05-27_09-33-53photo_2016-05-27_09-33-57photo_2016-05-27_09-33-59photo_2016-05-27_09-34-03photo_2016-05-27_09-34-05photo_2016-05-27_09-34-07photo_2016-05-27_09-34-09photo_2016-05-27_09-34-11

មតិយោបល់