ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះបង្រ្កាបទីតាំងតាមបណ្តោយផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម។
ប្រតិបត្តិការចុះបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខណ្ឌទួលគោក បានប្រាប់ឲ្យភ្ញាក់ងារយកព័ត៌មាន Post News ដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយកម្លាំងអាវុធហត្ថយើងបានបន្តទៅឆែកឆេរដល់ផ្ទះជនសង្ស័យខាងលើ ខណៈពេលទៅដល់ផ្ទះជនសង្ស័យ ស្រាប់តែបានឃើញមនុស្សប្រុសស្រី៥នាក់ទៀត ហើយកម្លាំងយើងបានឆែកឆេររកឃើញថ្នាំញៀនចំនួន១៥កញ្ចប់ ក្នុងនោះធំ៤កញ្ចប់។ សុំបញ្ជាក់ដែរថាដោយសរុបទាំងអស់ជនសង្ស័យមានគ្នា៦នាក់ ក្នុងចំណោម៦នាក់នោះមានម្នាក់ជាភេទទីបី ដែលកំពុងចែកចាយគ្រឿងញៀន។
ប្រភពដដែលបានបន្តទៀតថាក្រោយមកកម្លាំងកងរាជអាវុធហត្ថយើងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៦នាក់ខាងលើ ដើម្បីយកមកធ្វើការសាកសួរនៅមូលដ្ឋានខណ្ឌទួលគោកបន្ត។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/kZGwvXtqT_M
មតិយោបល់