ព័ត៌មានជាតិ

តុលាការខេត្តក្រចេះសម្រេចឃុំខ្លួនកូនប្រុស លោក សាក់ សារុន មេPMស្រុកកែវសីមា រឿងគ្រឿងញៀន!

ភ្នំពេញ: យោងតាមប្រភពពីលោក ជា សុភ័ក្រ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់តាម Telegram នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចខេត្តក្រចេះពិតជាបាន ឃាត់ខ្លួនឈ្មោះ សាក់ ភារម្យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះចាត់ការបន្តតាមផ្លូវច្បាប់ប្រាកដមែន។

លោក ជា សុភ័ក្រ បានបន្តថា លោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ឈ្មោះ ឈ្មោះ សាក់ ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានឪពុកឈ្មោះ សាក់ សារុន ជាមេបញ្ជាកការកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌគិរី និងម្តាយឈ្មោះ ប៊ុន ហង់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមលោក ជា សុភ័ក្រ ដដែល បានឲ្យដឹងថា លោក អេង ចំនាប់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញបាន សម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ សាក់ ភារម្យ នៅពន្ធនាគារជាបណ្ដោះអាសន្នហើយ។

សូមបញ្ជក់ថា ជនត្រូវចោទឈ្មោះ សាក់ ភារម្យជាកូនប្រុសបង្កើតរបស់លោក សាក់ សារុន មេបញ្ជាការកងអាវុធហត្ថស្រុកកែវសីមា និងត្រូវជាក្មួយប្រុសបង្កើតរបស់លោក សាក់ សារ៉ាង មេបញ្ជាការកងអាវុធហត្ថខេត្តមណ្ឌលគិរី ដែលកំពុងមានការជាប់ពាក់ព័ន្ធសំណុំរឿង ទទួលសំណូកពី ក្រុមហ៊ុនកាប់ឈើវៀតណាមមួយមានម្ចាស់ឈ្មោះ អ៊ុក ញ៉ ឲ្យចូលមកកាប់បំផ្លាញព្រៃឈើនៅចំណុចអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌគិរី។

ហើយសំណុំរឿង ស៊ីសំណូកសូកប៉ាន់ ពីឈ្មួញឈើវៀតណាមរបស់លោក សាក់ សារុន និងលោក សាក់ សារ៉ាង ជាបងប្អូនបង្កើតនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់ គណ:កម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមាននាយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាក់ការកងរាជអាវុធហត្ថជាមេរបស់ពួកគេ ជាប្រធាន៕

មតិយោបល់