ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ទៀ បាញ់គ្រោងទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី១៥នៅសឹង្ហបុរី

ភ្នំពេញៈ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងដឹកនាំគណប្រតិភូការពារជាតិ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី១៥ ក្នុងរយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសឹង្ហបុរី។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អនុវត្តតាមការអញ្ជើញរបស់បណ្ឌិត ចន ធីបម៉ែន (John Chipman) អគ្គនាយក និងជាប្រធានប្រតិបត្តិការ នៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្រ្ត នៃសាធារណរដ្ឋសឹង្ហបុរី គណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ (the 15th Asia Security Summit IISS Shangri-La Dialogue) ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាធារណរដ្ឋសឹង្ហបុរី។

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ រួមមានសម័យប្រជុំពេញអង្គ និងសម័យប្រជុំពិសេស ដែលផ្តល់នូវវិសាលភាព សម្រាប់កិច្ចពិភាក្សាដ៏ទូលំទូលាយ ទៅលើនិន្នាការសន្តិសុខតំបន់សំខាន់ៗ ដូចជាអនុញ្ញាតឲ្យពិនិត្យពិច័យយ៉ាងពិស្តារ លើប្រធានបទទាក់ទងទៅ និងតំបន់នាពេលបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីទៀបាញ់ អមដំណើរដោយប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងធ្វើ មាតុភូមិនិវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦៕

photo_2016-05-27_11-09-05

មតិយោបល់