ព័ត៌មានជាតិ

រាជ​​​រដ្ឋា​ភិបាល​​​បញ្ចុះ​​​បឋម​​​សិលា​​​សាង​​សង់​​​ព្រះ​​បរម​​រូប​​​ព្រះ​​បរម​​រតន​កោដ្ឋ

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៣ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ ព្រះ​បរម​រូប របស់​សម្តេចឪ ដែលមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ ២០០​ម៉ែត្រ ខាងកើត​វិមានឯករាជ្យ (​ខាងលិច​នាគ​បាញ់​ទឹក​) លើ​សួន​វិមានឯករាជ្យ​។ សំណង់​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ មាន​កម្ពស់​សរុប​ទាំង​ជើង​ទម្រ ៧,២០​ម៉ែត្រ​។ ពីក្រោម​បុស្បុក​ទាំងមូល​មាន​កម្ពស់ ២៧,២០​ម៉ែត្រ ដោយមាន​ដំបូល​គ្របពីលើ​។ សំណង់​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​ចំណាយ​ថវិកា​សាងសង់​ជាង ១​លាន​ដុល្លារ​អាមេរិក ដែលជា​បន្ទុក​ទាំងស្រុង​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ មានប្រសាសន៍​ឲ្យ​ដឹងថា សំណង់​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នឹងត្រូវ​បញ្ចប់​ការសាងសង់ នៅ​ខែតុលា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការយាង​ចូល​ទិវង្គត នា​ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១២​។​

​ឯកឧត្តម កែប ជុតិមា បន្តថា ការចំណាយ​ក្នុងការ​សាងសង់​នេះ ដោយ​គ្រាន់តែ​ខឿន​ត្រូវ​ចំណាយ​អស់​ចំនួន ៧០​ម៉ឺន​ដុល្លារ និង​រូបសំណាក ព្រះមហាវីរក្សត្រ ធ្វើ​ពី​ស្ពាន់​សុទ្ធ​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៤០​ម៉ឺន​ដុល្លារ​។ សំណង់​ព្រះ​បរម​រូប ព្រះមហាវីរក្សត្រ បែរ​ព្រះភ័ក្ត្រ​ទៅ​ទិសខាងកើត ហើយ​បើ​មើល​ពី​ចំងាយ យើង​នឹង​ឃើញ​សំណង់​ព្រះ​បរម​រូប ព្រះមហាវីរក្សត្រ ហាក់ដូច​ឈរ​នៅក្នុង​វិមានឯករាជ្យ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុង​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី បាន​ផ្តួចផ្តើម​ឲ្យ​មានការ​សាងសង់​ព្រះ​បរម​រូប សម្តេចព្រះ​មហាវីរក្សត្រ ដើម្បី​ទុកជា​ការចងចាំ​នូវ​គុណូបក្ការៈ​របស់​ព្រះអង្គ និង​រម្លឹក​នូវ​ការចងចាំ ជាពិសេស​ព្រះ​បរម​រូប សម្តេច​តា ក៏​សម្រាប់​គោរពបូជា ដែល​គណៈប្រតិភូ​បរទេស​មក​គោរព​នៅ​វិមានឯករាជ្យ ហើយក៏​ឆ្លៀត​ចូលមក​គោរព​ព្រះ​បរម​រូប​របស់​ព្រះអង្គ ដែលជា​បិតា​ឯករាជ្យ​ជាតិ និង​បង្រួបបង្រួម​ជាតិ​ផងដែរ​។​

​សម្តេចម៉ែ មុនីនាថ សីហនុ បានធ្វើ​ព្រះរាជសារ​មួយ កាលពី​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​ព្រះអង្គ​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ការផ្តួចផ្តើម​គំនិត ដើម្បី​សម្រេច​ឲ្យ​មានការ​សាងសង់​ព្រះ​បរម​រូប ព្រះមហាវីរក្សត្រ​។ ព្រះ​បរម​រូប សម្តេចព្រះ​មហាវីរក្សត្រ ដែល​សង់​នៅក្បែរ​វិមានឯករាជ្យ​នេះ នឹងធ្វើ​ឲ្យ​ប្រជារាស្ត្រ​នឹកឃើញ និង​ចងចាំ​អំពី​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ ជា​ដរាប​។​

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ជរាពាធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ​៩០ ព្រះវស្សា​។ ព្រះ​រាជពិធី​ដង្ហែរ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១-៤ ខែកុម្ភៈ ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ ដែល​ក្នុងឱកាស​នោះបាន​លេចឡើង​នូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ គឺ​សម្តេចម៉ែ ព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ ថ្វាយ​ព្រះ​ភ្លើង​មិន​ឆេះ គឺ​ទាល់តែ​មានការ​បួងសួង និង​ថ្វាយ​ព្រះ​ភ្លើង​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទើប​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ដំណើរការ​ដោយ​រលូន​៕​

1234

មតិយោបល់