ព័ត៌មានជាតិ

ផ្អើលពេញផ្សារព្រៃល្វា ករណីបាត់ក្មេងស្រី តែសំណាងណាស់…!!

តាកែវៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៥ និង១៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ សេង គីម ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បានបាត់កូនស្រីម្នាក់ឈ្មោះ គីម សំណាប់ ភេទស្រី អាយុ១៣ឆ្នាំ កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលគាត់ដើរសុំទានជាទម្លាប់ធម្មតា ដោយឪពុក និងកូនស្រីតែងតែដើរ បែកគ្នា ហើយជួបគ្នាវិញនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ព្រៃកប្បាស បានចាត់វិធានការចុះស្រាវជ្រាវ និងស្វែងរកក្មេងស្រីឈ្មោះ គីម សំណាប់ ។

ជាលទ្ធផលនៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលយើងបានរកឃើញក្មេងស្រីនោះ នៅក្នុងវត្តព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស (ទីតាំងស្នាក់នៅពេលយប់មិញជាមួយឪពុក) ។

មូលហេតុ ក្មេងស្រីនោះដើរសុំទានគេ បានលុយចំនួន១០.០០០រៀល(១ម៉ឺនរៀល) រួចក៏ទៅអង្គុយផឹកតែក្រូចឆ្មា មើលរឿងនៅតូបលក់កាហ្វេក្បែរផ្សារព្រៃល្វា ហើយមិនបានមកជួបជាមួយឪពុកដូចទម្លាប់សព្វមួយដង ។

ករណីនេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានប្រគល់ក្មេងស្រីខាងលើ ឱ្យទៅឪពុកម្តាយរួចរាល់ហើយ៕

មតិយោបល់