ព័ត៌មានបច្ចេកវិទ្យា

Apple Store ឥឡូវគាំទ្រ Touch ID ដើម្បីផ្ទៀងផ្ទាត់ការទូទាត់ថ្លៃទំនិញជាមួយ Apple ID ហើយ!

ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានធ្វើបច្ចុប្បន្នភាពកម្មវិធីហាងទំនិញ Apple Store ផ្លូវការរបស់ខ្លួន ដោយដាក់បន្ថែមមុខងារស្គេនក្រយៅដៃ ឬ Touch ID ដើម្បីផ្ទៀងផ្ទាត់រាល់ការបង់ថ្លៃទំនិញ ឱ្យកាន់តែមានសុវត្ថិភាព និងភាពងាយស្រួល ជាមួយការប្រើកាតឥណទានធនាគារភ្ជាប់ Apple ID។

ជាយូរមកហើយ ក្រុមហ៊ុនបើកឱ្យអ្នកដែលចូលទៅកាន់ហាងលក់ផលិតផលតាមប្រព័ន្ធអនឡាញនេះ អាចបង់ថ្លៃទំនិញផ្សេងៗតាមរយៈកាតឥណទានធនាគារ ប្រើភ្ជាប់ជាមួយ Apple ID និងវាយបញ្ចូលលេខសម្ងាត់របស់ពួកគេ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ប៉ុន្តែ ឥឡូវពួកគេគ្រាន់តែប្រើ Touch ID ឬម្រាមដៃរបស់ខ្លួនស្គេនប៉ុណ្ណោះ។

ដើម្បីធ្វើដូចនេះ អ្នកប្រើប្រាស់គ្រាន់តែប៉ះលើប៊ូតុង “Buy with other payment options” ពណ៌ស ក្បែរប៊ូតុង Buy with ApplePay។

ក្រុមហ៊ុន Apple បានថ្លែងថា កម្មវិធី Apple Store ជំនាន់ថ្មីនេះ ក៏ជួយឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការឆែកមើលថាតើ iPhone ដែលខ្លួនចង់បាន មានលក់នៅលើ Apple Store ដែលមានទីតាំងនៅជិតពួកគេដែរឬទេ។

គួរបញ្ជាក់ថា កម្មវិធី Apple Store ខុសពី AppStore ដែលត្រូវបានដំឡើងរួចជាស្រេចនៅលើ iOS Devices ហើយវាអាចទាញយកទៅដំឡើងប្រើបានដោយឥតគិតថ្លៃនៅលើ iPhone, iPad និង Apple Watch តាមតំណរភ្ជាប់នេះ Download Apple Store

មតិយោបល់