ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក លោក Qin Gang បានអំពាវនាវឱ្យប្រទេសទាំងពីរចូលរួមសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក Qin បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា «តើប្រទេសយើងទាំងពីរធ្វើការងារជាមួយគ្នាដោយរបៀបណាចំពោះដំណោះស្រាយ ឧទាហរណ៍វ៉ាក់សាំងដែលមានប្រសិទ្ធភាពជាងនេះ និងការជួយដល់បណ្តាប្រទេសផ្សេងៗទៀត?»។
អ្នកការទូតរូបនេះបានទៅដល់ទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែកក្កដា ហើយកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅក្នុងគេហដ្ឋានរបស់លោក។
លោកបាននិយាយថា លោកមិនអីទេក្នុងការធ្វើចត្តាឡីស័កនេះ ប៉ុន្តែការរីករាលដាលយ៉ាងខ្លាំងនៃទម្រង់វីរុសឌែលតា គឺជាការព្រួយបារម្ភ។
យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពិភពលោកបានចុះបញ្ជីនូវការឆ្លងជំងឺកូវីដ-១៩ ជាង ២០០លាននាក់ហើយ និងមនុស្សប្រមាណជិត ៤,៣លាននាក់បានស្លាប់៕
មតិយោបល់