ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យផ្ទះសំណាក់យីហោ ពន្លឺមាសថ្មី តាមពាក្យបណ្តឹងអង្គការថាបានប្រើពលកម្មទៅលើមនុស្សមានសតិមិនសូវល្អ!!!

ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងក្មេងស្រី៣នាក់ នៅក្នុងផ្ទះសំណាក់យីហោ ពន្លឺមាសថ្មី តាមពាក្យបណ្ដឹងអង្កការមួយដោយចោទថា ម្ចាស់ផ្ទះសំណាក់ប្រើពលកម្មទៅលើមនុស្សមានសតិមិនសូវល្អ ។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះត្រួតពិនិត្យនិងសួរនាំនេះ មានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាមផ្ទៃ សហកាជាមួយលោក ឯម ភារី នាយរងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដោយមានការចូលរួមពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ហើយការចុះពិនិត្យនេះ គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់អង្កការ ដោយចោទថា ផ្ទះសំណាក់ខាងលើនេះ បានប្រើពលកម្មទៅលើមនុស្សសតិមិនសូវល្អ និងបានរកឃើញនារីរងគ្រោះចំនួន៣នាក់ផងដែរ។

ក្នុងនោះ នារីរងគ្រោះទី១ឈ្មោះ សឿន ដាវណ្ណ អាយុ២២ឆ្នាំ ,ទី២ ហៀម អឿត អាយុ២០ឆ្នាំ និងនារីរងគ្រោះទី៣ឈ្មោះ ឆេង សុវណ្ណីតា អាយុ២៤ឆ្នាំ អ្នកទាំង៣នាក់ ស្នាក់នៅផ្ទះសំណាក់ខាងលើ និងជាមនុស្សសតិមិនសូវល្អ។

គួរបញ្ជាក់បន្ថែមថា ពេលដែលកម្លាំងសមត្ថកិច្ចកំពុងតែសួរនាំនោះ ស្ត្រីម្ចាស់ផ្ទះដែលមានឈ្មោះ ទិត្យ ស៊ីណាន អាយុ៦៨ឆ្នាំ រត់គេចខ្លួនបាត់ មិនព្រមផ្ដិតមេដៃជាមួយកម្លាំងសមត្ថកិច្ចនោះទេ ទុកឲ្យកូនប្រុសម្នាក់ និងក្មួយស្រីម្នាក់ទៀត ផ្ដិតមេដៃជំនួស ។

ក្រោយពីសាកសួរហើយនោះ កម្លាំងសមត្ថកិច្ចបាននាំនារីរងគ្រោះដែលមានសតិមិនសូវល្អទាំង៣នាក់ យកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជនក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្តទៀត។

គួរបញ្ជាក់បន្ថែមថា៖ ចំពោះពាក្យបណ្តឹងរបស់អង្គការខាងលើ សមត្ថកិច្ចសូមរក្សាសិទ្ធិមិនអនុញ្ញាតឲ្យបង្ហាញជាសាធារណៈនោះទេ ដោយកំពុងតម្កល់ទុកនៅក្នុងដែនរបស់សមត្ថកិច្ច ប៉ុន្តែអង្គការខាងលើពិតជាបានប្តឹងថា ផ្ទះសំណាក់យីហោ ពន្លឺមាសថ្មី នេះប្រើពលកម្មទៅលើមនុស្សមានសតិមិនសូវល្អ ពិតប្រាកដមែន!៕

https://youtu.be/8dHz_Hhy5Jg

មតិយោបល់