ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងដាក់ពង្រាយប្រឆាំងមីស៊ីលអាមេរិកចំនួន ៤ បន្ថែមទៀត បន្ទាប់ពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យអ្នកជំនួយ របស់លោក ធ្វើការពិភាក្សាជាមួយសមភាគីអាមេរិក ស្ដីពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងចល័ត (THAAD) ចំនួន ៤ បន្ថែមទៀត បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា តេស្តសាកល្បងមីស៊ីលថ្មីនោះ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅទ្បើយទេ ប៉ុន្តែក្រុងព្យុងយ៉ាង បានអះអាងថា ជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឈ្មោះថា Hwasong-14 ដែលបានបាញ់នៅវេលាម៉ោង ១១ និង៤១នាទីយប់ថ្ងៃសុក្រចេញពីខេត្ត Jagang ក្នុងទឹកដីកូរ៉េខាងជើង ។

មីស៊ីលនេះ អាចរត់បានចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់រហូតដល់ ៣.៧០០ គីឡូម៉ែត្រឯណោះ។

សូមជំរាបថា បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅឯវិមានរបស់ប្រធានាធិបតីភ្លាមៗផងដែរ៕

មតិយោបល់